ម្ចាស់មេដាយមាស ឃូ ឃាងហ៊ុយ រំភើបដល់ស្រក់ទឹកភ្នែក ក្នុងពិធីបំពាក់មេដាយ ដោយបានឮ និងឃើញគេគោរពទង់ជាតិកម្ពុជា

ភ្នំពេញ៖ ម្ចាស់​មេដាយមាស​ជើងឯក​អាស៊ី កី​ឡករ​កាយ​វប្បក​កម្ម​កម្ពុជា ឃូ ឃាង​ហ៊ុយ បាន​បង្ហាញ​ក្តី​រំភើប​រីករាយ ដោយ​រំភើប​ដល់​ហូរ​ទឹកភ្នែក នៅ​ពេល​ដែល​ពិធី​បំពាក់​មេដាយមាស ដល់​រូបគេ មានការ​គោរព​ទង់ជាតិ​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​នៃ​វិញ្ញាសា Men’s sport physique over 180cm ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម ជើងឯក​អាស៊ី នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឆ្នាំ​២០២៤​។

នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​មេដាយមាស​រូប​នេះ នៅ​ពេល​ថ្លែង​ទៅ​កាន់​ក្រុម​សារព័ត៌មាន ពេល​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ នៅ​ព្រលប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤ ក្រោយ​ពី​ឈ្នះ​មេដាយមាស​១​គ្រឿង​ជូន​ជាតិ​ពី​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម ជើងឯក​អាស៊ី លើក​ទី​៥៦ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឆ្នាំ​២០២៤ (56th Asian Bodybuilding And Physique Sports Championship)​។

ជម្រើសជាតិ ឃូ ឃាង​ហ៊ុយ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​សម្រាប់​ខ្ញុំ​មិន​ធ្លាប់​ឈ្នះ​មេដាយមាស​បែប​នេះនោះ​ទេ ហើយ​បានឮ និង​បានឃើញ​គេ​គោរព​ទង់ជាតិ​កម្ពុជា ក្នុង​ពិធី​បំពាក់​មេដាយ ដូច្នេះ​ចិត្ត​ខ្ញុំ​ពិតជា​រំភើប​ណាស់​។ ខ្ញុំ​នឹង​បន្ត​ការ​ខិតខំ​ហ្វឹកហាត់​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត តាម​រយៈ​ការ​កែ​ច្នៃ​នូវ​ចំណុច​ខ្វះខាត ដែល​ខ្ញុំ​មាន​រាល់ថ្ងៃ ដើម្បី​ឈាន​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក នា​ខែវិច្ឆិកា ឆ្នាំ​២០២៤​។ ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព និង​មាន​បំណងប្រាថ្នា​ចង់​ឈ្នះ​មេដាយមាស​ជូន​ជាតិ ម្តងទៀត​»​។

ជាមួយ​គ្នា​នេះ លោក តិក ប៊ុ​ន​វី ប្រធាន​ប្រតិភូ​ដឹកនាំ និង​ជា​ចៅក្រម​បាន​បង្ហាញ​ក្តី​រីករាយ​ជា​ខ្លាំង ដែល​កីឡាករ​ជម្រើសជាតិ​កាយ​វប្បកម្ម​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​១​គ្រឿង​ជូន​ជាតិ ហើយ​ទទួល​បាន​ភាព​កក់ក្តៅ ដែល​លោក ប៉ែន វុ​ទ្ធី ន​តំណាង​ឯកឧត្តម ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មក​ទទួល​ដំណើរ​ស្វាគមន៍​ប្រកបដោយ​ភាព​កក់​ក្តី​។ លោក តិក ប៊ុ​ន​វី គូសបញ្ជាក់​ថា អ្វី​ដែល​លំបាក​សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ី នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឆ្នាំ​២០២៤​នេះ សហព័ន្ធ​បាន​ត្រៀម​បញ្ជូន​កីឡាករ​របស់​ខ្លួន​ចំនួន​២​រូប ប៉ុន្តែ​បាន​ចូលរួម​ប្រកួត​តែ​ម្នាក់ គឺ​កីឡាករ ឃូ ឃាង​ហ៊ុយ ប៉ុណ្ណោះ​។ រីឯ​កីឡាករ ស្រ៊ិ​ន រាជ្យ មាន​បញ្ហា​សុខភាព (​គ្រុនពោះវៀន​) ហើយ​បាន​ដកខ្លួន​ចេញពី​ការ​ប្រកួត​វិញ​។

លោក តិក ប៊ុ​ន​វី សង្កត់ធ្ងន់​ថា ៖«​យ៉ាងណា បើ​ទោះបីជា​កីឡាករ​យើង​ដណ្តើម​បាន​មេដាយមាស ក៏​ពិតមែន ប៉ុន្តែ​យើង​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ៗ​ដែរ ដូច​ជា​សាច់​ទ្រូង​នៅ​ស្ទើរ​តិចតួច សាច់​សុំ​មិន​ទាន់​ស្ងួត​ល្អ ដូច្នេះ​យើង​នឹង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​បច្ចេកទេស​ពួក​គាត់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ចំណុច ដែល​យើង​ចង់បាន​។ ការ​ឈ្នះ​មេដាយមាស​មាស​នេះ មិនមែន​ថា​យើង​ឈ្នះ​ដាច់​គេ ១០០%​នោះ​ទេ ដោយ​ឈ្នះ​ក្នុង​កម្រិត​ពិន្ទុ​។ ដូច្នេះ ជា​គោលដៅ​បន្ទាប់ យើង​នឹង​ជំរុញ​ការ​អភិវឌ្ឍ​គុណភាព​ម្ចាស់​មេដាយមាស​ជើងឯក​អាស៊ី​រូប​នេះ​ឱ្យ​បាន​ល្អ ត្រៀម​ចូលរួម​ប្រកួត​កីឡា​កាយ​វប្បកម្ម ជើងឯក​ពិភពលោក នៅ​ប្រទេស​ម៉ា​ល់​ឌី​វ នា​ខែវិច្ឆិកា ឆ្នាំ​២០២៤»​។

បន្ថែម​ពីលើ​នេះ លោក តិក ប៊ុ​ន​វី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រភេទ​កីឡា​នានា រួម​ទាំង​កីឡា​កាយ​វប្បកម្ម ដើម្បី​បន្ត​កិច្ច​ខំប្រឹង​ប្រែង​អភិវឌ្ឍ​គុណ​ផល​កីឡា ក្នុង​ការ​ដណ្តើម​មេដាយ​ជូន​ជាតិ​ពី​ការ​ប្រកួត​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ​ទៀត​។

ជាមួយ​គ្នា​នេះ លោក ប៉ែន វុ​ទ្ធី ប្រធាន​នាយកដ្ឋាន​កីឡា​ជំនាញ និង​កីឡា​មហាជន គូសបញ្ជាក់​ដែរ​ថា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម​អគ្គ​នាយ​កីឡា ដែល​បាន​អនុញ្ញាត​ដល់​លោក ក្នុង​ការ​មក​ទទួល​ស្វាគមន៍ អបអរសាទរ​ប្រតិភូ​កីឡា​កាយ​វប្បកម្ម ដែល​ដណ្តើម​បាន​ភាព​ជោគជ័យ​នៃ​ការ​ឈ្នះ​មេដាយមាស ពី​ការ​ប្រកួត​កម្រិត​អាស៊ី នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ «​អ្វី​ដែល​ពិសេស​គឺ​ប្រតិភូ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​លើក​ទង់ជាតិ ដែល​បាន​បង្ហាញ​កិត្តិយស កិត្យានុភាព​ជាតិ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ប្រកួត​។ ខ្ញុំ​សង្ឃឹមថា ការ​ទទួល​បាន​មេដាយមាស ក្នុង​កម្រិត​អាស៊ី នា​ពេល​នេះ នឹង​ការ​ប្រកួត​លើក​ក្រោយ​ទៀត​នឹង​ទទួល​បាន​មេដាយ​កម្រិត​ពិភពលោក ដើម្បី​បញ្ជាក់​ជូន​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន ក្នុង​ការ​បង្ហាញ​កិត្តិយស​ជាតិ​ជូន​ដល់​ពិភពលោក​ថា កម្ពុជា​កាន់តែ​រីក​ចម្រើន​លើ​ផ្នែក​វិស័យ​កីឡា​ជា​ដ៏​រាប​»​។

គួរ​បញ្ជាក់​ថា ប្រតិភូ​កីឡា​កាយ​វប្បកម្ម​កម្ពុជា ដែល​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី នេះ មាន​៣​រូប គឺ​លោក តិក ប៊ុ​ន​វី ប្រធាន​ប្រតិភូ និង​ជា​ចៅក្រម អ្នកស្រី អេ​មី សារី​រ៉ុ​ម គ្រូបង្វឹក និង​កីឡាករ ឃូ ឃាង​ហ៊ុយ​៕

Previous articleប្រតិភូក្រសួង-រាជធានីខេត្តបានចុះប្រភេទកីឡារួចរាល់ ត្រៀមចូលរួមប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤
Next articleConor Gallagher ត្រូវធ្វើដំណើរត្រលប់មកកាន់អង់គ្លេសវិញ