ការប្រកួតកីឡាបេស្បលហ្វាយលីគកម្ពុជា លើកទី១ ផ្តល់ផលចំណេញដល់យុវជន

ភ្នំពេញ៖ លោក ឆែម តារា ប្រធាន​សហព័ន្ធ​កីឡា​បេ​ស្ប​ល​-​សូ​ហ្វ​ប​ល​កម្ពុជា​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​បេ​ស្ប​ល​ហ្វា​យ លី​គ​កម្ពុជា លើក​ទី​១ ពី​ថ្ងៃ​ទី​២២-២៤ ខែសីហា ឆ្នាំ​២០២៤​ត្រូវ​បាន​រៀបចំ​ការ​ប្រកួត ដែល​ផ្តល់​ផល​ចំណេញ​ដល់​យុវជន និង​កីឡាករ កីឡាការិនី​ដែល​ទើបនឹង​ចាប់ផ្តើម​លេង ដើម្បី​បំផុសស្មារតី​ពួក​គាត់​ឱ្យ​ចូលរួម​លេង​ឱ្យ​កាន់តែ​ផុសផុល ដើម្បី​មិត្តភាព សុខភាព សាមគ្គីភាព រួម​ទាំង​គោលដៅ​ផលិត​ធនធាន​សម្រាប់​ជាតិ​ផង​ដែរ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លើក​ទី​២ ស្តី​ពី​ការ​ប្រកួត​កីឡា​បេ​ស្ប​ល​ហ្វា​យ លី​គ​កម្ពុជា​លើក​ទី​១ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ​។ ប្រធាន​សហព័ន្ធ​បន្ថែម​ថា សហព័ន្ធ​តែងតែ​ទទួល​បានការ​គាំទ្រ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ពិសេស​គឺ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែល​ផ្តល់​ឱ្យ​សហព័ន្ធ​មាន​ភាព​កក់ក្តៅ​ជា​បន្តបន្ទាប់ ក្នុង​ការ​ជំរុញ​ដល់​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​កមួយ​នេះ​ឱ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​។

លោក ឆែម តារា បាន​សង្កត់ធ្ងន់​ថា ៖«​ការ​ប្រកួត​បេ​ស្ប​ល​ហ្វា​យ លី​គ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២៤​នេះ គឺជា​ប្រវត្តិសាស្ត្រ​ដំបូង​សម្រាប់​សហព័ន្ធ ដែល​ត្រូវ​បាន​គាំទ្រ​ឱ្យ​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា នា​ពេល​នេះ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​ប្រកួត​លី​គ​នេះ​ឱ្យ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​»​។

ជាមួយ​គ្នា​នេះ លោក ទុ​យ ប៊ុ​ន​ហឿ​ន អនុប្រធាន​នាយកដ្ឋាន​កីឡា​ជំនាញ និង​កីឡា​មហាជន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចាត់​ទុក​ថា ថ្វី​ដ្បិតតែ​នេះ​ជា​ការ​រៀបចំ​ការ​ប្រកួត​លី​គជា​លើក​ដំបូង ប៉ុន្តែ​នេះ​ជា​សមិទ្ធផល​មួយ ដែល​បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ និង​ខិតខំ​កៀរគរ​ដៃគូ​អភិវឌ្ឍន៍​នានា​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ​។ អនុប្រធាន​នាយកដ្ឋាន​រូប​នេះ​សង្កត់ធ្ងន់​ថា សហព័ន្ធ​កីឡា​ជាតិ គឺជា​អង្គការ​សង្គម​មួយ ដែល​កំពុង​បំផុសស្មារតី​ដល់​យុវជន មហាជន​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​។ ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​ជាតិ​ក៏​ជំរុញ​ឱ្យ​មាន​ឧត្តមភាព កេរ្តិ៍ឈ្មោះ កិត្តិយស​ជាតិ ក្រោម​ការ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ទាំង​ស្មារតី សម្ភារ និង​កញ្ចប់​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ ក្នុង​ការ​ផ្តល់​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​នានា ក្នុង​នោះ​១​សហព័ន្ធ​ទទួល​បាន ៦០​លាន​រៀល សម្រាប់​ដ​ណើ​រការ​ដល់​ការ​អភិវឌ្ឍ​ការ​ប្រកួត រដ្ឋបាល និង​វគ្គ​បណ្តុះបណ្តាល​។

បន្ថែម​ពីលើ​នេះ លោក ទុ​យ ប៊ុ​ន​ហឿ​ន គូសបញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​ដល់​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ នៅ​កម្ពុជា​។ ដូច្នេះ​ដើម្បី​ចូលរួម​ត្រៀមលក្ខណៈ ក្នុង​នាម​តំណាង​ក្រសួង​អប់រំ លោក​ស្នើ​ឱ្យ​សហព័ន្ធ​ត្រៀម​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ធ្វើ​ម្ចាស់ផ្ទះ និង​ត្រៀម​កីឡាករ​វ័យក្មេង សម្រាប់​ការ​ប្រកួត​ឱ្យ​ទទួល​បាន​ជោគជ័យ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​នេះ​៕

Previous articleកីឡាឡើងភ្នំកម្ពុជាចេញទៅប្រកួតជើងឯកយុវជនពិភពលោក នៅប្រទេសចិន
Next articleកីឡាករតេក្វាន់ដូ ITF សម្បត្តិ សុវណ្ណរ៉េន ទទួលបានមេដាយសំរឹទ្ធ ថ្ងៃបើកឆាក ជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា