ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Dalmas ដែលជាជនជាតិអាហ្សង់ទីន ចាប់ពីពេលនេះតទៅ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ខណៈលោក កែវ សារ៉េត អគ្គលេខាធិការ FFC បានចាត់ទុកថា ការបញ្ចប់កិច្ចកុងត្រាមុនកាលកំណត់នេះ គឺដើម្បីបំពេញចិត្តការគាំទ្រឱ្យគ្នាទៅវិញទៅមក។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានមានប្រសាសន៍ថា ៖«ជាទូទៅយើងចាញ់ច្រើន ដូច្នេះយើងចង់ប្តូរបរិយាកាសមួយ ដោយឱ្យគាត់ (លោក Felix Dalmas) សម្រាកសិន ខណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ មហាជនហាក់មានការរិះគន់ច្រើន ឬចង់ឱ្យមានមុខគ្រូបង្គោលថ្មីដឹកនាំថ្មីឱ្យឃើញលទ្ធផលល្អខ្លះ។ នេះជាការបំពេញឱ្យគ្នាទៅវិញទៅមក ពីព្រោះថា បើយើងធ្វើយូរៗទៅអត់មានអ្នកគាំទ្រ អត់មានទស្សនិកជនមកមើលការប្រកួតទេ នោះគឺជារឿងបរាជ័យទាំងអស់គ្នា។ នេះជាការពិចារណារបស់ថ្នាក់ដឹកនាំសហព័ន្ធលើចំណុចទាំងអស់នេះ»។
លោក កែវ សារ៉េត សង្កត់ធ្ងន់ទៀតថា ៖«គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពិនិត្យមើលលើស្ថានភាពបច្ចុប្បន្ន ដោយមិនត្រឹមតែពិនិត្យមើលតែលើ១ប្រកួតចុងក្រោយជាមួយក្រុមជម្រើសជាតិស្រីលង្កានោះទេ ពោលគឺលទ្ធផលនៃក្រុមជម្រើសជាតិកម្ពុជាមិនសូវល្អ។ មិនមែនមានន័យថា ការបង្ហាត់របស់លោកគ្រូ Felix Dalmas អន់ពេកទេ ដោយកន្លងមកយើងជ្រើសរើសយកគាត់បង្ហាត់ល្អគួរសមដែរ តាំំងតែពីលោក Felix Dalmas ធ្លាប់ជួយបង្ហាត់ក្នុងអំឡុងជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដោយយើងដឹងទាំងអស់គ្នាថាក្នុងនោះមានស្មើ មានឈ្នះ និងចាញ់ខ្លះដែរ»។
បន្ថែមពីនេះ លោកអគ្គលេខាធិការ FFC រូបនេះ លើកឡើងទៀតថា ជំហានទី១ យើងត្រូវផ្លាស់ប្តូរគ្រូបង្គោល សិន ហើយត្រូវបន្តពិនិត្យមើលលើការកិច្ចការមួយចំនួនទៀត ក្នុងការផ្លាស់ប្តូរទម្រង់ឱ្យបានល្អប្រសើរបន្ថែមទៀត ដែលចំណុចទាំងអស់នេះ គឺជាការខ្វាយខ្វល់របស់ថ្នាក់ដឹកនាំសហព័ន្ធ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅថ្ងៃសុក្រទី១៣ ខែកញ្ញានេះថា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Dalmas ពីពេលនេះតទៅ ខណៈលោក Koji Kyotoku គ្រូបង្គោលកម្ពុជា U20 នាពេលបច្ចុប្បន្ន ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមកម្ពុជាបណ្ដោះអាសន្ន សម្រាប់ឈុតធំកម្ពុជា។
ការសម្រេចបញ្ចប់កិច្ចសន្យាមុនរបស់ FFC ជាមួយគ្រូបង្គោលជនជាតិអាហ្សង់ទីនរូបនេះ បន្ទាប់ពីលោកបានដឹកនាំការប្រកួតក្រុមជម្រើសជាតិកម្ពុជាធ្លាក់ចេញពីការប្រកួតជម្រុះបឋមនៃពានរង្វាន់ AFC Asian Cup 2027កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រុមកម្ពុជាចាញ់នៅវគ្គទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ២ទល់៤ ជាមួយក្រុមជម្រើសជាតិស្រីលង្កា ក្រោយរក្សាលទ្ធផលស្មើគ្នា ២-២ សរុបទាំងពីរជើង។
ជាការកត់សម្គាល់ចំពោះលទ្ធផលជាង១ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់លោក Felix ក្រុមកម្ពុជាក៏បានធ្លាក់ចេញត្រឹមវគ្គជម្រុះបឋម FIFA World Cup 2026 រួមទាំងក្រុមកម្ពុជាធ្លាក់ចេញត្រឹមវគ្គចែកពូល ស៊ីហ្គេម ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះជាលើកប្រវត្តិសាស្ត្រដំបូង។ ពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងនាមជាអ្នកទទួលខុសត្រូវធំជាងគេបានប្រកាសលាលែងពីដំណែងប្រធានសហព័ន្ធ តាមការសន្យារបស់ឯកឧត្តមប្រធាន ដ៏គួរឱ្យគោរពស្រឡាញ់ពីមហាជនជាទីបំផុត។
គួររម្លឹកថា លោក Felix ត្រូវបានតែងតាំងជាគ្រូពេញសិទ្ធិម្តងទៀត កាលពីខែមីនា ឆ្នាំ២០២៣ជាមួយកិច្ចសន្យារយៈពេល៤ឆ្នាំក្នុងការដឹកនាំឈុតធំ និងឈុត U23។ ទោះយ៉ាងណាក្តី តាមរយៈទំព័រហ្វេសហ៊ុកផ្លូវការ FFC បានថ្លែងអំណរគុណចំពោះលោក Felix Dalmas សម្រាប់ការខិតខំប្រឹងប្រែងរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជា កន្លងមក ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ហើយសហព័ន្ធជូនពរលោក Felix Dalmas ជួបតែភាពជោគជ័យល្អប្រសើរ សម្រាប់ការងារបន្តរបស់លោក នាថ្ងៃអនាគត៕