ភ្នំពេញ៖ តាមគោលការណ៍កៀរគររកចំណូល ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺចង់បានការចូលរួមឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុននានាឱ្យបានច្រើនស្រុះគ្នា ក្នុងស្មារតីជួយលើកកម្ពស់ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ដើម្បីថែរក្សា អភិរក្ស និងអភិវឌ្ឍ ក្នុងស្មារតីជាតិនិយមខ្មែរតែមួយ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី នៅក្រោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ៖«តាមគោលការណ៍កៀរគររកចំណូល ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺចង់បានការចូលរួមឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុននានាឱ្យបានច្រើនស្រុះគ្នា ក្នុងស្មារតីជួយលើកកម្ពស់ព្រឹត្តិការណ៍ប្រកួត ដើម្បីថែរក្សា អភិរក្ស និងអភិវឌ្ឍយុទ្ធគុនចម្រុះខ្មែរបុរាណ។ នេះជាអ្វីយើងទាំងអស់គ្នាជាកូនខ្មែរ បណ្តាក្រុមហ៊ុននានា ឬអ្នកប្រកបអាជីវកម្មទាំងអស់មានសមានចិត្តរួបរួមគ្នា ក្នុងការជួយលើកតម្កើងយុទ្ធគុនដូនតាខ្មែររបស់យើង ជាជាងប្រើប្រាស់វេទិកានេះ ដើម្បីភាពចំណេញខាតតាមគោលដៅរបស់ក្រុមហ៊ុន ដោយសុំត្រឹមតែការចូលរួមឧបត្ថម្ភគាំទ្រឱ្យបានច្រើនគ្នា ទោះតិចក្តី ឬច្រើនក្តី ហើយសម្តេចធិបតីមានចក្ខុវិស័យវែងឆ្ងាយ និងផ្តល់ជូននូវលិខិតថ្លែងអំណរគុណផងដែរ»។
បន្ថែមពីលើនេះ ឯកឧត្តមបញ្ជាក់ថា ពេលនេះ ទាំងអ្នកប្រកួត និងអ្នកសម្តែងបានចុះឈ្មោះជិត ២០០នាក់ហើយៗអ្នកមិនទាន់បានចុះឈ្មោះជាង ១០០នាក់ទៀតកំពុងមមាញឹកក្នុងការចុះឈ្មោះ។ «យើងសង្ឃឹមថា កីឡាករ កីឡាការិនីទាំងអស់ ដែលជាអ្នកហាត់គុនទាំងក្បាច់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម ក្បាច់គុនផ្សេងៗទៀត ជាពិសេសយើងឃើញថា ខាងយុទ្ធគុនកងយោធពលខេមរភូមិន្ទក៏មានការចុះឈ្មោះចូលរួមប្រកួតច្រើនដែរ។ ទាំងនេះគឺជាសកម្មភាពមួយ ដែលភាគីពាក់ព័ន្ធបានស្ម័គ្រចិត្តរួមចំណែកក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះហើយ»។
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ក៏បានអះអាងដែរថា កិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យប្រតិទិនការងារ វឌ្ឍនភាពការងារជាមួយភាគីពាក់ព័ន្ធ ដើម្បីត្រៀមឱ្យបានគ្រប់ជ្រុងជ្រោយនៃដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី នៅវិមានពហុកីឡាដ្នានជាតិអូឡាំពិក រយៈពេល៣ថ្ងៃពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ឱ្យដំណើរការដោយរលូន ផុសផុល និងជោគជ័យ។ បន្ថែមពីលើនេះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈកម្មការចំពោះកិច្ចនឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន លើកទី២ ជុំវិញការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីបំផុសការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ៕