ឯកឧត្តមបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួម ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់​សម្តេច​ធិ​បតី​” មក​ដល់​ពេល​នេះ​មាន​កីឡាករ កីឡាការិនី​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​ចំនួន ២៥៤​នាក់ ខណៈ​ដំណាក់កាល​រៀបចំ​នីមួយ​ៗ​កំពុង​ដំណើរការ​ដោយ​រលូន​បាន​ប្រមាណ ៨០%​ហើយ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លើក​ទី​២ ស្តី​ពី​ការ​រ​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី លើក​ទី​១ ឆ្នាំ​២០២៤ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន មាន​ប្រសាសន៍​ថា ៖«​ថ្ងៃនេះ ក្នុង​នាម​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ “​ពានរង្វាន់ សម្តេច​ធិ​បតី​” ខ្ញុំ​សូម​អរគុណ​ចំពោះ ឯកឧត្តម អស់លោក លោកស្រី កីឡាករ កីឡាការិនី អ្នក​សារព័ត៌មាន ទាំងអស់ ដែល​បាន​ឆ្លៀតឱកាស​ចូលរួម​សន្និសីទ​សារព័ត៌មាន​នា​ពេល​នេះ ដើម្បី​ទទួលយក​វឌ្ឍនភាព​ថ្មី​ៗ នៃ​ដំណើរការ រៀបចំ​ការ​ប្រកួត មក​ដល់​ពេល​នេះ នៅ​សល់ ២៥​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ នឹង​ត្រូវ​ចាប់ផ្តើម​ការ​ប្រកួត ដែល​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ នេះ​។ គណៈកម្មការ​ចំពោះ​កិច្ច តែងតែ​ប្រជុំ​តាមដាន​ត្រួតពិនិត្យ និង​ស្តាប់​របាយការណ៍​របស់​អនុ​គណៈកម្មការ​ប្រតិបត្តិ ដែល​បាន​និង​កំពុង​ខិតខំ​រៀបចំ​បាន​យ៉ាង​ល្អ​ប្រសើរ​»​។

កំណត់​បង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​មាន​៥​ចំណុច​សំខាន់​ៗ ដោយ​មក​ដល់​ពេល​នេះ អ្វី​ដែល​ទទួល​បានការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ធិ​បតី គឺ​១.​សម្តេច​ធិ​បតី បាន​អនុម័ត និង​សម្រេច​ផ្តល់​ថវិកា​គ្រប់គ្រាន់​ក្នុង​ដំណើរការ​រៀបចំ ក៏​ដូច​ប្រាក់​រង្វាន់ លើកទឹកចិត្ត​ដល់​ជ័យ​លា​ភី​។

២.​សម្តេច​ធិ​បតី​បាន​សម្រេច​ចូលរួម​ពិធី​បិទ ផ្តល់​ពានរង្វាន់​របស់ សម្តេច​ផ្ទាល់ នា​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ និង​ចាត់តាំង​រូប​ខ្ញុំ ក្នុង​នាម​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច ចូលរួម​ពិធី​បើក នា​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤​។

៣.​សម្តេច​ធិ​បតី បាន​សម្រេច​បង្កើត​គណៈកម្មការ​កៀរគរ​ចំណូល ដើម្បី​រៀបចំ​ការ​ប្រកួត​នេះ រួចរាល់ និង​គណៈកម្មការ​កំពុង​ដំណើរការ​ការងារ​របស់​ខ្លួន ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្តម​បណ្ឌិត ម៉ឹង មក​រា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជាទី​ប្រឹក្សា​ផ្ទាល់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​។

៤.​សម្តេច​ធិ​បតី ក៏​បាន​ទើបនឹង​ចេញ​សេចក្តីសម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង យុទ្ធ​គុន​ដូនតា​ខ្មែរ ដែល​ជា​ក្រុម​ជំនុំ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិ និង​ទស្សនវិជ្ជា​យុទ្ធ​គុន​ដូនតា​ខ្មែរ បន្សល់​ទុក​មក​ឱ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​។

៥.​រីឯ អនុ​គណៈកម្មការ​ប្រតិបត្តិ ក៏​បាន​រៀបចំ​ការ​ចុះ​ឈ្មោះ ការ​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក ហើយ ពេល​ពេល​នេះ​ក៏​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​-​ចៅក្រម និង​បាន​រៀបចំ​រួចរាល់​នូវ​ក្រុមការងារ រៀបចំ​ទីលាន ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ភ្លើង សម្លេង និង​តុបតែង រីឯ​ការ​ផ្សព្វផ្សាយ ក៏​បាន​ចាប់ផ្តើម​ផ្សាយ ដោយ​បាន​លើក​ផ្ទាំង​បដា​ធំ​នៅ​ខ្លោងទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ តាម​បណ្តេញ​សង្គម ទូរទស្សន៍ និង​Video ផ្សព្វផ្សាយ​បាន​ចាក់​គ្រប់​ផ្ទាំង LED ធំ​ៗ តាម​ដងផ្លូវ​ធំ​ៗ​ហើយ​ដែរ​។ រីឯ ការ​ផលិត Video ព្រលឹង​យុទ្ធ​គុន​បន្ថែម​មួយ​ថ្មី​ទៀត ប្រកបដោយ​ការ​ទាក់ទាញ​ក៏​បាន​ផលិត​រួចរាល់ ចាប់ផ្តើម ផ្សព្វផ្សាយ​ផង​ដែរ​។ បាន​ន័យ​ថា ការ​ត្រៀម​រៀបចំ​បាន​ដំណើរការ​រលូន និង​ត្រៀម​បាន​ល្អ​គ្រប់​ផ្នែក​ការងារ ដោយ​ធានា​បាន​នូវ​គុណ​តម្លៃ នៃ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទាំងស្រុង​។ សូម​បន្ត​ជួយ​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ​អប់រំ បញ្ជ្រាប​ការ​យល់​ដឹង​យុទ្ធ​គុន​ដូនតា​ខ្មែរ ឱ្យ​បាន​ដល់​សង្គម​ជាតិ យ៉ាង​ទូលំទូលាយ គ្របដណ្តប់​ទូ​ទាំង​ប្រទេស​៕

Previous articleប្រធានថ្មីសហព័ន្ធបាល់ឱបកម្ពុជាប្តេជ្ញាអភិវឌ្ឍ ប្រកបដោយសុខដុមរមនាផ្ទៃក្នុង ក្រោយពីមានបញ្ហាផ្ទៃក្នុង
Next article«គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ»នឹងត្រូវសិក្សាស្រាវជ្រាវដល់អតីតអាណាចក្រខ្មែរ