ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ ឆ្នាំ២០២៤ បានកំណត់យកចំនួនកីឡាករ កីឡាការិនីត្រឹម ៤០០នាក់ ដើម្បីជំរុញឱ្យការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១នេះដំណើរការដោយរលូននឹងជោគជ័យ។
នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះពានរង្វាន់សម្តេចបវរធិបតី នៅក្នុងបទសម្ភាសន៍មួយ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋាជាតិអូឡាំពិក។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ៖«យើងដឹងហើយថា ការប្រកួតកីឡាយុទ្ធគុនចម្រុះមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយទទួលបានការចុះឈ្មោះជាង ៤០០នាក់ ហើយមានមានការលំបាកក្នុងការផ្គូរផ្គងការប្រកួត និងការប្រកួតដែលត្រូវប្រកួតរហូតដល់២០០គូ ក្នុង១ថ្ងៃ។ យើងមិននឹកស្មានដល់ចំពោះការគាំទ្រ និងការចូលរួមរបស់កីឡាករ កីឡាការិនីយុទ្ធគុនចម្រុះនៅកម្ពុជាយើងរហូតដល់ចំនួនលើសពី៤០០នាក់ ដូច្នេះយើងសូមកាត់យកត្រឹមចំនួន ៤០០នាក់ ដើម្បីរៀបចំការប្រកួតក្នុងរយៈពេល៣ថ្ងៃនេះឱ្យបានចប់សព្វគ្រប់ និងដំណើរការដោយរលូន»។
សង្កត់ធ្ងន់បន្ថែមពីលើនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍បានឱ្យដឹងថា ៖«យើងខ្ញុំសូមអភ័យទោសចំពោះការចុះឈ្មោះមិនទាន់ពេលរបស់កីឡាករ កីឡាការិនី ហើយសូមអំពាវនាវដល់កីឡាករ កីឡាការិនីទាំងអស់បន្តការហ្វឹកហាត់បន្តទៀត ត្រៀមចូលរួមការប្រកួតនៅឆ្នាំក្រោយៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកថា យើងនឹងបន្តរៀបចំការប្រកួតជារៀងរាល់ឆ្នាំទៀត ដោយអាចកើនឡើងដល់រាប់ពាន់នាក់ តាមលទ្ធភាពនៃការរៀបចំរបស់យើង»។
«អ៊ីចឹងហើយសូមអ្នកចុះឈ្មោះចូលរួមប្រកួតមិនទាន់ពេល សូមកុំអាក់អន់ស្រពន់ចិត្ត គប្បីត្រូវខិតខំថែរក្សាក្បាច់គុនដូនតាខ្មែរ ត្រៀមប្រកួតនៅឆ្នាំក្រោយទៀត។ ក្នុងចំនួនកីឡាករ កីឡាការិនីយុទ្ធគុនចម្រុះ ៤០០នាក់នេះ គឺគណៈកម្មការបច្ចេកទេសត្រូវរៀបចំការប្រកួតចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៨ ឬម៉ោង ៩យប់ ដែលជាការលំបាក ក្នុងផ្នែកបច្ចេកទេស។ នេះជាសន្ទុះនៃការរៀបចំមួយជាលើកដំបូង នៅឆ្នាំ២០២៤នេះ ប៉ុន្តែសន្ទុះការគាំទ្រចូលរួមប្រកួតរបស់កីឡាករ កីឡាការិនី គឺជោគជ័យខ្លាំងណាស់ ក្នុងការចូលរួម។ ដូច្នេះយើងនៅសល់តែការគាំទ្ររបស់ប្រជាពលរដ្ឋ អ្នកគាំទ្រ អ្នកទស្សនាទាំងក្នុងទីលានផ្ទាល់ និងក្រៅទីលានទូទាំងប្រទេស ដើម្បីបំផុសស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមអភិរក្ស ដើម្បីអភិវឌ្ឍកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យគង់វង់យូរអង្វែង»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។
គួរបញ្ជាក់ថា កម្មវិធីបើការប្រកួតជាផ្លូវការនឹងត្រូវធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចនឹងអញ្ជើញជាអធិបតី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ចំពោះពិធីបិទនឹងធ្វើឡើងនៅល្ងាចថ្ងៃ២០ខែតុលា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហើយសម្តេចធិបតីនឹងអញ្ជើញបំពាក់មេដាយជូនរង្វាន់ជ័យលាភីដោយផ្ទាល់ និងផ្តល់អនុសាសន៍បិទកម្មវិធីផងដែរ៕