កីឡាការិនី ពេជ្រ សុគន្ធារី ៖ ការសិក្សាវគ្គគ្រូកីឡាកាយវប្បកម្មធ្វើឱ្យយល់ដឹងពីអត្ថប្រយោជន៍ជាច្រើន

ភ្នំពេញ៖ កញ្ញា ពេជ្រ សុ​គ​ន្ធា​រី ជា​កីឡាការិនី និង​សិក្ខាកាម​ម្នាក់​ចូលរួម​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​កាយ​វប្បកម្ម​ថ្នាក់​មូលដ្ឋាន​ជំនាន់​ទី​២ បាន​លើក​ឡើង​ថា កញ្ញា​បាន​ចំណាយពេល​អស់​រយៈ​៤៥​ថ្ងៃ ក្នុង​ការ​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​នេះ ដើម្បី​ពង្រឹង និង​បាន​ជ្រួតជ្រាប​កាន់តែ​ស៊ីជម្រៅ​អំពី​ជំនាញ​ប្រភេទ​កីឡា​កាយ​វប្បកម្ម​នេះ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រកួត​ហ្វឹកហាត់​កាយ​វប្បកម្ម​។

កីឡាការិនី ពេជ្រ សុ​គ​ន្ធា​រី លើក​ឡើង​ថា ក្នុង​ឱកាស​ពិធី​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​កាយ​វប្បកម្ម​ថ្នាក់​មូលដ្ឋាន​ជំនាន់​ទី ២ បាន​បិទ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម អ៊ុ​ក សិទ្ធិ​ជាតិ តំណាងរាស្ត្រ​ខេត្តព្រៃវែង និង​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា និង​លោក តឹក ប៊ុ​ន​វី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា និង​លំ​ហាត់ប្រាណ​កម្ពុជា ព្រមទាំង​សិក្ខាកាម​ទាំំ​ង​អស់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

កីឡាការិនី ពេជ្រ សុ​គ​ន្ធា​រី បាន​បញ្ជាក់​ថា ការ​សិក្សា​រយៈ ៤៥ ថ្ងៃ​នោះ ទៅ​លើ​ផ្នែក​សាច់ដុំ ផ្នែ​សន្លាក់ និង​ផ្នែក​សរសៃរ វា​ពិតជា​បាន​ផ្តល់​សារៈសំខាន់​ច្រើន​ណាស់ ដោយ​យើង​មិន​ចេះ​តែ​ហាត់​ឱ្យ​ចេញ​រៀង​ឡើយ ជា​ពិសេស​របប​អាហារ​ទទួលទាន​របស់​អ្នក​ហាត់​កីឡា​កាយ​វប្បកម្ម ក្រោយ​ពី​កញ្ញា​បាន​រៀន​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​អត្ថន័យ​នេះ បាន​ធ្វើ​ឱ្យ​នាង​ឈ្វេងយល់​កាន់តែ​ច្បាស់​ពី​ចំណុច​ខ្វះខាត​កន្លង​មក ក្នុង​ការ​យក​ចំណេះដឹង​ទាំងនេះ​មក​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ កីឡាការិនី ពេជ្រ សុ​គ​ន្ធា​រី បន្ថែម​ថា អ្នក​ហាត់​កីឡា​កាយ​វប្បកម្ម​ត្រូវ​ហាត់​ឱ្យ​បាន​ត្រឹមត្រូវ និង​ទទួលទាន​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​យើង​ទទួល​បាន​រូបរាង​ស្អាត ប៉ុន្តែ​យើង​មិនដឹង​ថា​រង​ផល​ប៉ះពាល់​ដល់​ផ្នែ​សន្លាក់ សាច់ដុំ និង​សរសៃ ដែល​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​នៅ​ពេល​ក្រោយ​។

កីឡាការិនី​រូប​នេះ​បាន​បន្ត​ថា ការ​សិក្សា​នេះ​ធ្វើ​ឱ្យ​កញ្ញា​យល់​ដឹង​ខ្លាំង ហើយនឹង​យកចំណេះ​ដឹង​ទាំងនេះ មក​បង្ហាត់បង្រៀន​កូនសិស្ស​របស់​នាង ដើម្បី​ឱ្យ​ពួក​គាត់​ជៀសវាង​ជួប​បញ្ហា​ប្រឈម នៅ​ពេល​ក្រោយ និង​ធ្វើ​ឱ្យ​ពួក​គាត់​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។

ជាមួយ​គ្នា​នេះ លោកស្រី អេ​មី អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ថា កីឡាការិនី ពេជ្រ សុ​គ​ន្ធា​រី កំពុង​ហ្វឹកហាត់​សាច់ដុំ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។ សព្វ​ថ្ងៃនេះ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា និង​លំ​ហាត់ប្រាណ​កម្ពុជា​កំពុង​ពង្រឹង​ការ​ហ្វឹកហាត់​កីឡាករ​-​កីឡាការិនី ត្រៀម​ចេញ​ទៅ​ចូលរួម​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា នៅ​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ ក្នុង​គោលដៅ​ដណ្តើម​បាន​មេដាយ​យក​មក​ជូន​ជាតិ​ផង​ដែរ​៕

Previous articleឯកឧត្តម ខូវ ឆាយ ៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភបាល់ទាត់សប្បុរសធម៌ ជួយគុនខ្មែរ ១០០លានរៀល និងសរុបបឋម ៣០០លានរៀល
Next articleកីឡាករ De Bruyne ទំនង់ជាមិនផ្ទេរទៅអារ៉ាប៊ីសាអូឌីតនោះទេ ដោយសារតែ