ក្រុមកីឡាករ កីឡាការិនីអុំទូកកំពុងធ្វើការហាត់សមត្រៀមប្រកួតនៅព្រះរាជពិធីបុណ្យអុំទូក ក្នុងខេត្តសៀមរាប

សៀមរាប៖ អាជ្ញាធរ​ខេត្តសៀមរាប​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុម​កីឡាករ កីឡាការិនី​អុំទូក បាន​កំពុង​តែ​ធ្វើការ​ហាត់​សម​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​ប្រកួត​យកជ័យ​ជំ​ន្នះ​។

លោក លី វណ្ណៈ អ្នកនាំពាក្យ និង​នាយក​រដ្ឋបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ការ​រៀបចំ​តាម​ទីតាំង​នីមួយ​ៗ គឺ​ស្ទើរតែ​រួចរាល់​ទាំងស្រុង​ហើយ ដោយនៅ​សល់​ការងារ​តិចតួច​ក្រុមការងារ​កំពុង​តែ​បង្ហើយ​។ ដោយសារ​តែ​នៅ​ក្នុង​ខេត្តសៀមរាប ឆ្នាំ​នេះ​ក៏​មានការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដូច​នៅ​រាជធានី​ដែរ ភ្ញៀវ​ទេសចរ​អាច​នឹង​មក​កម្សាន្ត​ច្រើន ព្រោះថា ក្រៅពី​បាន​ទស្សនា​កម្សាន្ត​កម្មវិធី​ប្រណាំងទូក នៅ​តាម​ដងស្ទឹង​សៀមរាប និង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​នោះ ភ្ញៀវ​ទេសចរ ក៏​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​ប្រាសាទបុរាណ តំបន់​ភ្នំ​គូលែន តំបន់​បឹង​ទន្លេសាប និង​សហគមន៍​ទេសចរណ៍​ជា​ច្រើន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ក៏​បាន​ធ្វើការ​ណែនាំ​ឱ្យ​ម្ចាស់​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដូច​ជា សេវាកម្ម​ស្នាក់​នៅ សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​ដឹក​ជញ្ជូន មិន​ឱ្យធ្វើ​ការ​ដំឡើង​ថ្លៃ​នោះ​ទេ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​មាន​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​បាន​សប្បាយ និង​ពេញចិត្ត​ចំពោះ​ការ​ផ្តល់​សេវា​ទេសចរណ៍​។

ទន្ទឹម​នឹង​នេះ លោក លី វណ្ណៈ បាន​បង្ហាញ​ក្ដី​រំពឹង​ថា កម្មវិធី​ប្រណាំងទូក​នៅ​ស្ទឹង​សៀមរាប​នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ជា​ពិសេស​ប្រតិបត្តិ​ករ​ទេសចរណ៍​៕

Previous articleឯកឧត្តម ប៊ូ ជុំសេរី៖ ចំនួនទូក និងកីឡាករ កីឡាការិនីចំណុះទូក ឆ្នាំ២០២៤ កើនឡើងច្រើនជាងពិធីបុណ្យអុំទូក ឆ្នាំ២០២៣
Next articleឯកឧត្តម ប៊ូ ជុំសេរី ៖ កម្លាំងគណៈកម្មការបច្ចេកទេសជាង ២០០នាក់ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រណាំងទូក រយៈពេល៣ថ្ងៃ