គ្រូបង្គោលកម្ពុជា៖ ក្រុមកម្ពុជានឹងប្រឹងប្រែងឱ្យបានល្អបំផុត ក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric

ភ្នំពេញ៖ ក្នុង​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ល្ងាច​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក គ្រូ​បង្គោល​កម្ពុជា លោក Gyotoku Koji បាន​លើក​ឡើង​ថា ៖«​ការ​ត្រៀមខ្លួន​នេះ​យើង​មាន​ពេលវេលា​ប្រហែល​១​ស​ប្តា​ហ៍​ទៀត ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​យើង​មិន​ទាន់​ដឹង​ថា យើង​នឹង​អាច​ធ្វើ​បាន​តាម​អ្វី​ដែល​អ្នកគាំទ្រ​កម្ពុជា​ចង់បាន​ឬ​ក៏​អត់​ទេ ប៉ុន្តែ​ក្រុម​កម្ពុជា​នឹង​ប្រឹងប្រែង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព​»​។

នេះ​ជា​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ សម្រាប់​ការ​ប្រកួត​ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤​តទៅ​។ លោក Gyotoku Koji គូសបញ្ជាក់​ថា អ្វី​ដែល​សំខាន់ ក្នុង​ការ​ប្រមូលផ្តុំ​លើក​នេះ មាន​កីឡាករ​បរទេស​ចូលសញ្ជាតិ​ខ្មែរ​៣​នាក់​បន្ថែម ដូច​ជា​ខ្សែការពារ Ose Takaki (​ជប៉ុន​) និង​ខ្សែប្រយុទ្ធ Andres Neito (​កូ​ឡុំ​ប៊ី​) របស់​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន និង​ខ្សែប្រយុទ្ធ Abdel Kader Coulibaly (​កូ​ឌឺ​វ័​រ​) ប្រធាន​ក្រុម ISI ដង្កោ​សែន​ជ័យ​។ ដូច្នេះ​សរុប​កីឡាករ​ចូលសញ្ជាតិ ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ​មាន​ចំនួន ៦​នាក់ គឺ​មាន​ខ្សែការពារ​ជាតិ កាន់ ម៉ូ សញ្ជាតិ​ដើម​អាហ្វ្រិក​ខាងត្បូង មក​ពី​វិសាខា​, យូ​ឌៃ អូ​កា​វ៉ា សញ្ជាតិ​ដើម​ជប៉ុន ក្លឹ​ប​ភ្នំពេញ​ក្រោ​ន និង មី​ហ្ស៊ូ​ណូ ហ៊ី​កា​រ៉ុ សញ្ជាតិ​ដើម​ជប៉ុន មក​ពី​ក្លឹ​ប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​។

គ្រូ​បង្គោល​កម្ពុជា​ជនជាតិ​ជប៉ុន​រូប​នេះ​គូសបញ្ជាក់​ទៀត​ថា ចំពោះ​កីឡាករ​មួយ​ចំនួន ដែល​បាន​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​កា​តា​កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​មិន​បាន​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ការ​ប្រកួត ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នេះ គឺជា​រឿង​ធម្មតា ហើយ​សមាជិក​ក្រុម​ជម្រើសជាតិ​តែងតែ​មានការ​ផ្លាស់​ប្តូរ ដោយ​កីឡាករ​មានគុណ​ភាពល្អ​បាន​បន្ត​ជាប់​ឈ្មោះ ហើយ​កីឡាករ​មួយ​ចំនួន​មិន​មានគុណ​ភាពល្អ​បាន​ធ្លាក់​ចេញពី​ការ​ជម្រុះ ជា​ពិសេស​គឺ​ការ​តាមដាន​របស់​លោក ក្នុង​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ តែ​ម្តង​។ នេះ​ជា​ការ​ជ្រើសរើស​ដោយ​ផ្ទាល់​របស់​លោក តាម​រយៈ​ការ​ពិនិត្យ​តាមដាន​ការ​ប្រកួត​លី​គ​កំពូល​ដោយ​ផ្ទាល់​។

ជុំវិញ​កីឡាករ​បរទេស​ចូលសញ្ជាតិ​ខ្មែរ​៣​នាក់​បន្ថែម​នេះ គឺ​ដោយសារ​តែ​កីឡាករ​ទាំង​៣​រូប​នេះ​លេង​នៅ​លី​គ​កំពូល​កម្ពុជា​យូរ​ឆ្នាំ​មក​ហើយ​ៗ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបចំ​លើ​បញ្ហា​នេះ​យូរ​មក​ហើយ​ដែរ​។ ពេល​ទទួល​បាន​ដំណឹង​នេះ លោក​ក៏​បាន​តាមដាន​ចំពោះ​កីឡាករ​ចូល​បញ្ជា​តិ​ខ្មែរ​រហូត​មក​ៗ​ពួក​គាត់​ទាំង​៣​នាក់​នេះ​ក៏​បង្ហាញ​ពី​ភាព​លេចធ្លោ​ខ្លាំង​ផង​ដែរ ក្នុង​ការ​ប្រកួត​លី​គ​កន្លង​មក​។ លោក​សង្ឃឹមថា កីឡាករ​ចូលសញ្ជាតិ​ខ្មែរ​បន្ថែមចំនួន​៣​នាក់​នេះ​នឹង​ក្លាយជា​កម្លាំង​ដ៏​រឹង​មាំ​បន្ថែម សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងមូល ក្នុង​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​-FFC​បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ ២៦​នាក់ ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​បាល់ទាត់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup ឆ្នាំ​២០២៤ គ្រោង​ពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៥ ដោយ​ត្រូវ​ប្រកួត​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី​។ ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​បើក​ឆាក​ពូ​ល​A នឹង​ត្រូវ​ជួប​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក បន្ទាប់​មក​ក្រុម​កម្ពុជា ប៉ះ​សិង្ហ​បុរី​, ប៉ះ ទី​ម័​រ​ខាងកើត និង​ចុង​ក្រោយ​បញ្ចប់​ពូ​ល ប៉ះ​ម្ចាស់ផ្ទះ​ថៃ នា​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​។ ចំពោះ​ពូ​ល B ក៏​មាន​៥​ក្រុម​ដូច​គ្នា ដូច​ជា វៀតណាម ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន មី​យ៉ា​ន់​ម៉ា និង​ក្រុម​ឡាវ​៕

Previous articleនាយកក្លឹប Juventus ចេញមកបដិសេធព័ត៌មានរវាងកីឡាករ Danilo និងក្លឹប Napoli
Next articleជម្រើសជាតិនារីកម្ពុជាត្រូវប្រជែងជើងឯកជាមួយឥណ្ឌូណេស៊ី AFF Women’s Cup 2024