កីឡាករកីឡាការិនី ២៥នាក់ចូលរួមប្រជែងដណ្តើមកៅអីជម្រើសជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ក្លឹ​ប​កីឡាវាយកូនគោល​រាជធានី​ខេត្ត​ចំនួន ២៥​នាក់ បាន​ចូលរួម​ប្រកួត​កីឡាវាយកូនគោល ជ្រើសរើស​ជើងឯក​សហព័ន្ធ ប្រចាំឆ្នាំ​២០២៤ ដើម្បី​ប្រជែង​ដណ្តើម​កៅអី​ជម្រើសជាតិ​ឆ្នាំ​២០២៥ ក្នុង​គោលដៅ​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។ ការ​ប្រកួត​នេះ មាន​រយៈ​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២-២៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​លើ​ទីលានកីឡា​វាយកូនគោល ហ្គ្រែ​ន​ភ្នំពេញ ។

លោក​ឧកញ៉ា ឡោក ដា​រិ​ទ្ធ អគ្គ​លេ​ធិ​ការ​រង សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​ទទួល​បន្ទុក​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល​យុវជន​បាន​មាន​ប្រសា​ស៍​ថា នេះ​ជា​ការ​ប្រកួត​ជ្រើសរើស​កីឡាករ​កីឡាការិនី​កូនគោល​ជុំ​ដំបូង ដើម្បី​សម្រិតសម្រាំង​រក​អ្នកមាន​សមត្ថភាព​ប្រមូល​ហ្វឹកហាត់​បំប៉ន​បច្ចេកទេស​ជាមួយ​គ្រូ​សហព័ន្ធ​កីឡាវាយកូនគោល​ក្នុង​ដំណាក់កាល​ទី​១ ហើយ​អ្នក​ជាប់​ក្នុង​វគ្គ​ទី​១​នេះ នឹង​ត្រូវធ្វើ​តេស​ចម្រាញ់​ជា​បន្តបន្ទាប់​ទៀត រហូត​ដល់​រក​ឃើញ កីឡាករ កីឡាការិនី​ឆ្នើម​ៗ​ចុង​ក្រោយ ៤​នាក់ ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ថៃ នា​ចុងឆ្នាំ​ឆ្នាំ​២០២៥​ខាង​មុខតែ​ម្តង​។

លោក​ឧកញ៉ា ឡោក ដា​រិ​ទ្ធ បាន​គូសបញ្ជាក់​ទៀត​ថា រយៈពេល​៣​ថ្ងៃ​នៃ​ការ​ប្រកួត​នេះ គណៈកម្មការ​នឹង​ពិនិត្យ​វាយតម្លៃ​យ៉ាង​លម្អិត​មុន​នឹង​ជាប់​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១​។​កីឡាករ​កីឡាការិនី​ប្រកួត​៣​ថ្ងៃនេះ គឺ​ពិន្ទុ​របស់​ពួក​គេ​ដែល​ធ្វើ​បាន​ល្អ​នឹង​មានឱកាស​ជាប់​ក្នុង​តារាង​ចំណាត់​កូនគោល​ពិភពលោក ដែល​ជួយ​ឱ្យ​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​ទទួល​បាន​ឱកាស​ច្រើន​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ ដោយ​មិនបាច់​ស្នើ​សុំ​។

សម្រាប់​ការ​ប្រកួត​កីឡាវាយកូនគោល​ជ្រើសរើស​ជើងឯក​សហព័ន្ធ​កីឡាវាយកូនគោល​ប្រចាំឆ្នាំ​២០២៤​នេះ នៅ​ទីលានកីឡា​វាយកូនគោល​ហ្គ្រែ​ន​ភ្នំពេញ ផ្តល់​ជូន​ទីលាន និង​ទឹកបរិសុទ្ធ​កម្ពុជា​ជូន​ដល់​កីឡាករ​ឥត​គិតថ្លៃ​។ ជាមួយ​គ្នា​នោះ ក៏​មានការ​ឧបត្ថម្ភ​ពី BESTA ផ្តល់​ជូន​ទីលាន​ហ្វឹក​សម្រាប់​កីឡាករ​ថ្នាល និង​បង្វឹក​កីឡា​ថ្នាល​រៀងរាល់ថ្ងៃ​អាទិត្យ និង​ក្រុមហ៊ុន TITLEIST បញ្ចុះតម្លៃ​ពិសេស សម្រាប់​សម្ភារ និង​ខោអាវ​កីឡាករ​កីឡាការិនី ក្នុង​ការ​ប្រកួត​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាវាយកូនគោល​ជ្រើសរើស​ជើងឯក​សហព័ន្ធ​កីឡាវាយកូនគោល​ប្រចាំឆ្នាំ​២០២៤​នេះ កីឡាករ​ជ័យ​លា​ភី​ចំណាត់​លេខ​១​អាច​ឈាន​ទៅ​ទទួល​បាន​សិទ្ធ ក្នុង​ការ​ដាក់​ប​ញ្ជូ​ល​ក្នុង​តារា​ចំណាត់ World Ranking ៣​ជុំ​មាន​ពិន្ទុ​មិន​លើស​ពី​បូក​៦​នោះ​ទេ ។ ដោយឡែក​សម្រាប់​កីឡាការិនី​វិញ មាន​ពិន្ទុ​មិន​លើស​ពី​បូក​៨​នោះ​ទេ​។

សូម​រម្លឹក​ថា កាលពី​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ ឆ្នាំ​២០២៤ កីឡាករ​កីឡាការិនី​ដែល​បាន​ពិន្ទុ​ជាប់​នៅ​ក្នុង​តារាង World Amateur Golf Ranking មាន​កីឡាករ ពៅ ពេជ្រ​មេត្តា និង​កីឡាការិនី យិ​ន ហា​ម៉ា​នី​៕

Previous articleក្លឹប Valencia ចង់បានលោក Carlos Corberan​ មកធ្វើជាគ្រូបង្វឹកក្រុមខ្លួន
Next articleក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឈ្នះជើងឯក កីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤