ព្រះខ័នរាជស្វាយរៀង និងDong A Thanh Hoa ចែកគ្នាម្នាក់១ពិន្ទុវគ្គសន្សំពិន្ទុពូល A ពានក្លឹបជើងឯកអាស៊ាន

វៀតណាម៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​របស់​កម្ពុជា និង​ក្រុម​ម្ចាស់ផ្ទះ Dong A Thanh Hoa របស់​វៀតណាម​បាន​ចែក​គ្នា​ម្នាក់​១​ពិន្ទុ បន្ទាប់​ពី​រក្សា​លទ្ធផល​ស្មើគ្នា ០-០ នៅ​ក្នុង​ការ​ប្រកួត​ទី​៤ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល​A នៃ​ការ​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​ក្លឹ​ប​ជើងឯក​អាស៊ាន រដូវ​កាល ២០២៤-២០២៥ (2024–25 ASEAN Club Championship Shopee Cup) កាលពី​យប់​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥​។

ឆ្លងកាត់​៤​ប្រកួត​កន្លង​មក ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ជា​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២៣-២០២៤ បាន​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៣​ប្រកួត មាន​៤​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ចំណោម​៦​ក្រុម​ក្នុង​ពូ​ល A ខណៈ​៤​ប្រកួត​របស់ Dong A Thanh Hoa របស់​វៀតណាម​ឈ្នះ​១ និង​ស្មើ​៣​មាន​៦​ពិន្ទុ ធ្លាក់​ពី​ដំណេ​ង​លេខ​២​បណ្តោះអាសន្ន​មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​វិញ​។ ចំពោះ​២​ក្រុម​ឈរ​នៅ​លេខ​១ និង​លេខ​២ បណ្តោះអាសន្ន និង​កំពុង​ក្តោប​ក្តាប់​ក្នុង​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ក្រុម BG Pathum United ឈរ​លេខ​១ ឈ្នះ​២ និង​ស្មើ​២ មាន​៨​ពិន្ទុ និង​លេខ​២ ក្រុម Terengganu ក្រោយ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​១ មាន​៧​ពិន្ទុ​។

១​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​ត្រូវ​ជួប​ក្រុម Shan United របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា នា​វេលា​ម៉ោង ១៩:០០ ថ្ងៃ​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​៕

Previous articleជោគជ័យ ឫអត់? សំណើរថ្មីរបស់ Man Utd មានតម្លៃលើស ៣០លានអឺរ៉ូហើយ
Next articleឯកឧត្តម ខូវ ឆាយ ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាមួយនឹងការប្តេជ្ញាចិត្តបន្តជំរុញការអភិវឌ្ឍប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើន