ភ្នំពេញ៖ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃ២៤-២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត បានបិទបញ្ជីនៃការចុះឈ្មោះហើយ ដោយទទួលបានការចុះឈ្មោះចូលរួមរបស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជាង ៣០០នាក់។
គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ អគ្គលេខាធិការ លោក នូ ចំរើន បានគូសបញ្ជាក់ថា ចំនួនជាង៣០០នេះបានបូកបញ្ចូលនូវប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកស្ម័គ្រចិត្ត ខណៈសហព័ន្ធបានដាក់វិញ្ញាសាសរុបចំនួន ៨ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ក្នុងនោះមានផ្នែកកង់គួក ៤វិញ្ញាសា និងកង់ភ្នំមាន៤វិញ្ញាសាដែរ។
អគ្គលេខាធិការរូបនេះបន្ថែមថា ការប្រកួតនៅថ្ងៃទីមួយ គឺប្រកួតលើប្រភេទកង់គួកបុរសរយៈចម្ងាយឆ្ងាយ នៅពេលព្រឹក ហើយនៅពេលរសៀល ប្រកួតលើប្រភេទកង់ភ្នំ។ ចំពោះថ្ងៃទីពីរ គឺប្រកួតលើប្រភេទកង់គួកបុរសទូទៅ រយៈចម្ងាយខ្លី ដោយត្រូវជិះកង់ជុំវិញទីរួមខេត្តកំពត ដោយត្រូវចេញដំណើរពីមុខសាលាខេត្តមករង្វង់មូលទុរេន វិលជុំចំនួន ៣០ជុំ។ លោក នូ ចំរើន បន្ថែមថា ការប្រកួតកីឡាទោចក្រយាន ជើងឯកថ្នាក់ជាតិនេះប្រើប្រាស់កញ្ចប់ថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍប្រចាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានដាក់វិញ្ញាសាសរុបចំនួន៨ ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះ ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំ ដោយក្នុងនោះមាន៤វិញ្ញាសាផ្នែកកង់គួក រួមមាន៖ កង់គួកបុរសថ្នាល( Men Junior Road Race), កង់គួកបុរសឈុតធំ (Men Elite Road Race), កង់គួកបុរស (Men Master Road Race) និងកង់គួកបុរសទូទៅ (Men Criterium Open) ខណៈប្រភេទកង់ភ្នំ មានវិញ្ញាសា រួមមាន៖ កង់ភ្នំបុរសថ្នាល (Men Junior Mountain Bike), កង់ភ្នំបុរសឈុតធំ (Men Elite Mountain Bike) កង់ភ្នំនារី (Women Mountain Bike និងវិញ្ញាសា កង់ភ្នំបុរស (Men Master Mountain Bike)៕