រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រដាល់គុនខ្មែរ ជាការផ្តល់ឱកាសដល់យុវជនប្រកួតប្រជែង ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងជាតិ

កំពង់ឆ្នាំង៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័​ត៌​បាន​ថ្លែង​ថា ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ គឺជា​ការ​ផ្តល់​ឱកាស​ដល់​យុវជន យុវនារី​បាន​ចូលរួម​ប្រកួតប្រជែង ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ប្រកបដោយ​ទេព​កោសល្យ​ត្រៀម​ចូលរួម​ប្រកួត​តំណាង​ជាតិ ក៏​ដូច​ជា​បង្កើន​ចំនួន​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

ការ​ថ្លែង​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៤ កាលពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ បន្ទាប់​ពី​ដំណើ​ការ​ប្រកួត​អស់​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៧-២០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រកបដោយ​ភាព​ជោគជ័យ ជាមួយនឹង​ការ​សម្រិតសម្រាំង​បាន​ម្ចាស់​ជ័យ​លា​ភី​ទាំង​១៦​វិញ្ញាសា ដែល​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​យក​ការ​ប្រកួត​ឆ្នាំ​នេះ​ជា​ការ​ផលិត​ធនធាន​ថ្នាល​ក្រោម​អាយុ​១៨​ឆ្នាំ​។

ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ៖«​ការ​ប្រកួត​នេះ ក៏​ជា​ការ​បង្ហាញ​ពី​គម្រោង​ផ្សេង​ៗ​នៃ​គុន​ខ្មែរ និង​ធ្វើ​ឱ្យ​កាន់តែ​រស់​រវើក បណ្តុះ​ស្មារតី​ស្រឡាញ់​នូវ​កេរ​មរតក​ដូនតា​ដែល​មាន​តម្លៃ​ដ៏​មហាសាល​នេះ ព្រមទាំង​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ឱ្យ​បាន​គង់វង្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀត​។ រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នា​ពេល​កន្លង​ទៅ និង​បច្ចុប្បន្ន​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​លើក​ស្ទួយ​ក្បាច់គុន​ខ្មែរ ដែល​ជា​កេរ​មរតក​ដូនតា​ខ្មែរ​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ទៀត​ថា ៖«​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​គោលការណ៍ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ ពានរង្វាន់​សម្តេច​បវរ​ធិ​បតី ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០២៤​មក ដើម្បី​បើកចំហរ​ទូលំទូលាយ​ដល់​អ្នក​ហាត់គុន​ខ្មែរ​គ្រប់​ប្រភេទ គ្រប់​ទម្រង់​ក្បាច់គុន គ្រប់​ទិស​ទី ដោយ​អាច​ចូលរួម​ប្រកួត​គ្រប់​មហាជន ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ពោល​គឺ​សញ្ជាតិ​ខ្មែរ និង​បរទេស​អាច​ចូលរួម​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​បាន​ទាំងអស់​គ្នា​»​។

«​ការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែ​រនះ គឺ​ដើម្បី​បន្ត​ឱកាស​ឱ្យ​អ្នកចេះ​ក្បាច់គុន​បុរាណ​អាច​មក​សម្តែង និង​ប្រកួត​ជាមួយ​គ្នា បង្ហាញ​ជូន​ដល់​ប្រជាជន យុវជន និង​មជ្ឈដ្ឋាន​អន្តរជាតិ​ថា កម្ពុជា​ពិតជា​មាន​ក្បាច់គុន​ច្រើន​ណាស់ និង​បន្ត​ឱកាស​ស្រាវជ្រាវ ចងក្រង​ឡើង​វិញ​ផង​ដែរ​។ ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា ដើម្បី​បន្ត​លក្ខណៈ​ប្រសើរ​សម្រាប់​បងប្អូន​ប្រជាជន​ទូទៅ ក្នុង​ការ​លេង​កម្សាន្ត​ផង និង​ដើម្បី​ពង្រឹង​សុខភាព​កីឡាករ កីឡាការិនី​ឱ្យ​កាន់តែ​ខ្លាំងពូកែ​ផង​»​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​បន្ថែម​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ក្រសួង​ស្ថាប័ន រាជធានី​ខេត្ត និង​កីឡាករ កីឡាការិនី គណៈកម្មការ​រៀបចំ​ការ​ប្រកួត អាជ្ញាកណ្តាល ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេ​ទៀត ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​ក្បាច់គុន​ខ្មែរ​។ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​បន្ត​ពង្រឹង និង​ពង្រីក​ការ​បណ្តុះបណ្តាល ហ្វឹកហាត់ ស្រាវជ្រាវ ផ្សព្វផ្សាយ ដើម្បី​ថែរក្សា​មរតក​ដូនតា​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​។

សង្កត់ធ្ងន់​បន្ថែម​ពីលើ​នេះ ឯកឧត្តម នេត្រ ភក្ត្រា បាន​លើក​ឡើង​ទៀត​ថា ៖«​ជាមួយនឹង​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការ​គាំទ្រ​មិន​ចេះ​រី​ស្ងួត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​កំពុង​បោះ​ជំហាន​យ៉ាង​សកម្ម ក្នុង​ការ​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់គុន​ដ៏​ល្អ​ប្រពៃ​របស់​ខ្មែរ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នេះ​ឱ្យ​រីកសាយ​ភាព​ទៅ​កាន់​ឆាក​អន្តរជាតិ​»៕

Previous articleAston Villa ត្រៀមលុយ ៤០លានអឺរ៉ូ ដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់ Barca
Next articleឯកឧត្តម ខូវ ឆាយ ៖ សហព័ន្ធជ្រើសរើសបានធនធានបន្តវេនប្រដាល់គុនខ្មែរក្នុងជើងឯកថ្នាក់ជាតិ ស្របតាមទិសដៅផ្សព្វផ្សាយទៅកាន់ពិភពលោក