សាលាគុនកងពលតូចថ្មើរជើងលេខ៥១ ឈ្នះមេដាយមាស១០គ្រឿងជើងឯកថ្នាក់ជាតិ បញ្ចស៊ីឡាត់ ឆ្នាំ២០២៥

ភ្នំពេញ៖ ការ​ប្រកួត​កីឡា​បញ្ច​ស៊ី​ឡា​ត់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ លើក​ទី​១ ប្រចាំឆ្នាំ​២០២៥​បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កា​រ៉ា​តេ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​សាលា​គុន​កងពលតូច​ថ្មើរជើង​លេខ​៥១ ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោម​២២​សាលា​គុន ជាមួយនឹង​ការ​ដណ្តើម​បាន​មេដាយមាស​១០​វិញ្ញាសា ក្នុង​ចំណោម​១៥​វិញ្ញាសា​។

ពិធី​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​វត្តមាន ឯកឧត្តម ព្រំ ប៊ុ​ណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ឯកឧត្តម សេង ធា​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​។

លោក ឈាង សុវណ្ណ​រតនា អនុប្រធាន សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​បាន​លើក​ឡើង​ថា លោក​បាន​សង្កេត​ឃើញ​ថា ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០២៥​នេះ​ទទួល​បានការ​ចូលរួម​ពីសា​លា​គុន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​បាន​យ៉ាងច្រើន​កុះករ ជា​ពិសេស​ក្នុង​ចំណោម​១៥​វិញ្ញាសា ដែល​សហព័ន្ធ​បាន​រៀបចំ​ដាក់​ឱ្យ​ប្រកួតប្រជែង​មេដាយ គឺ​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​គ្រប់​ប្រភេទ​ទម្ងន់​ទាំងអស់​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​ប្រកួត​របស់​កីឡាករ កីឡាការិនី​មាន​ភាព​មោះមុត​ខ្លាំង ហើយ​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​ប្រកួត​នៅ​លើក​ក្រោយ​ៗ​ទៀត កីឡាករ កីឡាការិនី​នឹង​បន្ត​ចូលរួម​ប្រកួតប្រជែង​បន្តបន្ទាប់​ទៀត​។ លោក​អនុប្រធាន​ចាត់​ទុក​ថា កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត​នេះ គឺជា​អ្នក​ប្រយុទ្ធ​អង់អាច​ក្លាហាន​លើ​សង្វៀន​ប្រកួត ហើយ​ត្រូវធ្វើ​ជា​យុវជន​គំរូ នៅ​ក្រៅ​សង្វៀន​ប្រកួត ដើម្បី​ឱ្យ​ទទួល​បាន​កិត្តិយស​សម្រាប់​ខ្លួនឯង ក្រុម ក្លឹ​ប ក៏​ដូច​ជា​ប្រទេស​ជាតិ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​បញ្ច​ស៊ី​ឡា​ត់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០២៥​ទទួល​បានការ​ចុះ​ឈ្មោះ​ចូលរួម​ពី​២២​សាលា​គុន​មក​ពី​៩​រាជធានី​-​ខេត្ត និង​មាន​អត្ត​ព​លិ​ក​សរុប ១២៧​នាក់ (​កីឡាករ ៨៦​នាក់ និង​កីឡាការិនី​៤១​នាក់​) និង​បូក​សរុប​រួម​ទាំង​ប្រតិភូ​គ្រូបង្វឹក មន្ត្រី​គណៈកម្មការ ក្រុមការងារ​ទទួល​បន្ទុក​អនុ​គណៈកម្មការ​នីមួយ មាន​ចំនួន​សរុប ២១២​នាក់​។ ចំពោះ​វិញ្ញាសា​មាន​ចំនួន ១៥ ក្នុង​នោះ​មាន​ប្រយុទ្ធ​ផ្នែក​បុរស ៩​វិញ្ញាសា និង​ប្រយុទ្ធ​នារី ៦​វិញ្ញាសា​។

លោក អ៊ួ តារា បាន​លើក​ឡើង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ឯកឧត្តម សេង ធា​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​ស៊ី​ឡា​ត់​កម្ពុជា​និង​អនុប្រធាន ព្រមទាំង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​បាន​ជំរុញ​ឱ្យ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ឱ្យ​ចេញ​ជា​រូបរាង​ឡើងជា​លើក​ដំបូង ដើម្បី​បោះ​ជំហាន​មួយទៀត ក្នុង​ការ​ប្រមូលផ្តុំ​អត្ត​ព​លិ​ក​ប្រកបដោយ​ទេព​កោសល្យ និង​ផ្សព្វផ្សាយ​ប្រភេទ​កីឡា​បញ្ច​ស៊ី​ឡា​ត់​ឱ្យ​បាន​សុះសាយ​នៅ​ប្រទេស​កម្ពុជា​។

ជា​លទ្ធផល​បច្ចេកទេស ក្នុង​ចំណោម ១៥​វិញ្ញាសា រួម​មាន​៖ ចំណាត់ថ្នាក់​លេខ​១ សាលា​គុន​កងពលតូច​ថ្មើរជើង​លេខ​៥១ ទទួល​បាន មេដាយមាស ១០​គ្រឿង​, លេខ​២ សាលា​គុន​តា​រាជ មេដាយ​សរុប ៥​គ្រឿង (​មាស ២ សំរឹទ្ធ​៣), លេខ​៣ សាលា​គុន ឫទ្ធា​ឥ​សាន មេដាយ​សរុប ៤ (​មាស​១ ប្រាក់​២ សំរឹទ្ធ​១) លេខ ៤ សាលា​គុន ហនុមាន​មាន​ជ័យ មេដាយ​សរុប​៤​គ្រឿង (​មាស​១ សំរឹទ្ធ​២) លេខ​៥ សាលា​គុន ស៊ី​ឡា​ត់​ភ្នំពេញ មេដាយមាស​១ និង​សំរឹទ្ធ​១៕

Previous articleGiovanni Reyna មានបំណង់ចាកចេញពី Dortmund នៅរដូវក្តៅនេះ
Next articleWest Ham ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប​ AS Roma