ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ១០ចំណុច ដើម្បីបន្តជំរុញដំណើរការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការផ្តល់អនុសាសន៍នេះត្រូវបានធ្វើឡើង នៅក្នុងឱកាសបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទីស្នាក់ការរបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ លទ្ធផលនៃកិច្ចពិភាក្សាជាមួយមតិផ្សំ និងធាតុចូលសំខាន់ៗ សុទ្ធតែបង្ហាញនូវឆន្ទៈច្បាស់លាស់ ចក្ខុវិស័យ វែងឆ្ងាយរបស់ក្រុមគ្រួសារចលនាអូឡាំពិកកម្ពុជា ដែលបានតាំងចិត្ត ពួតដៃគ្នា ឆ្ពោះទៅរកសុខដុមនីយកម្មការងារកីឡា និងការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ អនុសាសន៍សំខាន់ៗចំនួន១០ចំណុចរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រួមមាន៖
១.សូមទទួលយកនូវភាពអស្ចារ្យ និងមរតក SEA Games-ASEAN Para Games ឆ្នាំ២០២៣ ធ្វើជាគុណតម្លៃនៃនិមិត្តរូបដ៏មានប្រសិទ្ធភាព ជាមេរៀនបទពិសោធន៍ដ៏ត្រឹមត្រូវ ក្នុងការជំរុញទឹកចិត្តប្រតិបត្តិករកីឡាគ្រប់ៗរូប និងជាឧបករណ៍ចាំបាច់ត្រូវបន្តការផ្សព្វផ្សាយស្នាដៃដ៏អស្ចារ្យនេះទៅលើឆាកជាតិ និងអន្តរជាតិ។
២.ពង្រឹងគុណភាព សមត្ថភាព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ តាមយន្តការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព ដែលជាវិធានការអាទិភាពត្រូវធ្វើកំណែទម្រង់ឱ្យចេញជាលទ្ធផលជាក់ស្តែងក្នុងឆ្នាំ២០២៥ ដោយគោរពតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
៣. បង្កើនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡាជំនាញកម្រិតខ្ពស់ ក្នុងគោលដៅកសាងសមត្ថភាពប្រកបដោយគុណវុឌ្ឍិជំនាញវិជ្ជាជីវកីឡាដល់ថ្នាក់ដឹកនាំ មន្ត្រី របស់សហព័ន្ធកីឡាជាតិ និងផ្តល់ការ បណ្តុះបណ្តាលជំនាញកីឡា និងបច្ចេកទេសកីឡាកម្រិតខ្ពស់ដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ក្រុមជម្រើសជាតិ។
៤.អភិវឌ្ឍគុណវុឌ្ឍិកីឡាកម្រិតខ្ពស់របស់អត្តពលិកក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយចាត់ទុកជា Games យុទ្ធសាស្ត្ររបស់កម្ពុជា ដោយត្រូវរក្សាឧត្តមភាពកីឡាជាតិបន្តទៀត បន្ទាប់ពីជោគជ័យឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
៥.មហាគ្រួសារចលនាអូឡាំពិកនិងកីឡាជាតិត្រូវបុរេសកម្មក្នុងការស្វ័យសិក្សា ក៏ដូចជាសហការជាមួយចលនាអូឡាំពិក និងស្ថាប័នកីឡាអន្តរជាតិក្នុងការទាញគុណប្រយោជន៍ជាអតិបរមាពីការប្រើប្រាស់ បច្ចេកវិទ្យា “AI” ដើម្បីក្នុងការជំរុញអភិវឌ្ឍចលនាអូឡាំពិក និងកីឡាជាតិ។
៦. ចាប់ផ្តើមរៀបចំឯកសារបទដ្ឋានគតិយុត្តិ និងផែនការមេឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ឱ្យបានរួចរាល់នៅឆ្នាំ២០២៥។
៧.សូមខិតខំបន្តការងារអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមគម្រោងគម្រោងសាមគ្គីអូឡាំពិក “Olympic Solidarity” និងគម្រោងអភិវឌ្ឍជាមួយដៃគូអន្តរជាតិ រួមទាំងវគ្គបច្ចេកទេសគ្រូបង្វឹកជំនាញកម្រិតខ្ពស់, វគ្គវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ កីឡា, វគ្គរដ្ឋបាលកីឡា, វគ្គគ្រប់គ្រងកីឡាកម្រិតខ្ពស់ និងកម្រិតឧត្តមសិក្សាផ្នែកគ្រប់គ្រងកីឡា។
៨.បន្តខិតខំរៀបចំព្រឹត្តិការណ៍កីឡាមហាជនដូចជា ទិវារត់ប្រណាំង និងព្រឹត្តិការណ៍កីឡានានាឱ្យកាន់តែផុសផុល ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៩.សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងប្រកបដោយវិបុលភាព បរិយាបន្ន និងបន្តរក្សាវប្បធម៌សន្ទនា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ រួមកែលម្អចំណុចខ្វះខាតប្រកបដោយសុចរិតភាព ដើម្បីបង្កើតបរិយាកាស សុខដុមរមនាការងារក្នុងមហាគ្រួសារចលនាអូឡាំពិកនិងកីឡាជាតិតែមួយ។
១០.មហាគ្រួសារចលនាអូឡាំពិកនិងកីឡាជាតិត្រូវបន្តពង្រឹងកិច្ចសហការប្រតិបត្តិការអន្តរជាតិ ពិសេស ជាមួយស្ថាប័នកីឡាអន្តរជាតិជាដៃគូ ដើម្បីធានានូវអនុលោមភាព ស្របតាមការគោលការណ៍ និងគោលនយោបាយចលនាអូឡាំពិក និងកីឡាអន្តរជាតិ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់បន្ថែមថា មហាសន្និបាតប្រចាំឆ្នាំនេះ ពិតជាមានតម្លៃ និងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីជាចក្ខុវិស័យតម្រង់ទិសដល់យើងទាំងអស់គ្នាឱ្យបន្តការខិតខំប្រឹងប្រែងអនុវត្តការងារកីឡា និងអភិវឌ្ឍវិស័យកីឡាជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើនរុងរឿង ដើម្បីបន្តពង្រឹងសក្តានុពល និងឧត្តមភាពកីឡាជាតិលើឆាកអន្តរជាតិ៕