ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ វគ្គជម្រុះ ពូល G ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នៃពានរង្វាន់បាល់ទាត់នារីអាស៊ី ឆ្នាំ២០២៦ (AFC Women’s Asian Cup 2026) ដែលជុំផ្តាច់ព្រ័ត្រធ្វើឡើងនៅប្រទេសអូស្ត្រាលី។
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុងពូល G នេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកពូល កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការ នៅប្រទេសម៉ាឡេស៊ី។ លទ្ធផលនៃការចាប់ឆ្នោត គឺក្រុមនារីកម្ពុជាស្ថិតនៅពូល G ជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន ហុងកុង និងអារ៉ាប៊ីសាអូឌីត។ ការប្រកួតបាល់ទាត់នារី ពានរង្វាន់អាស៊ីនេះមាន៣៤ក្រុមចូលរួម ហើយត្រូវបានបែងចែកជា ៨ពូល ដោយពូល A និង B មាន ៥ ក្រុមដូចគ្នា ហើយពូល C, D, E, F, G និងH មាន ៤ក្រុមដូចៗគ្នា។
គួរបញ្ជាក់ថា ចំពោះ៣ប្រកួតរបស់ក្រុមម្ចាស់ផ្ទះ កម្ពុជា រួមមាន៖ ប្រកួតទី១ ត្រូវប្រកួតបើកឆាកជាមួយក្រុមនារីហុងកុង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥, ប្រកួតទី២ ក្រុមនារីកម្ពុជាជួបក្រុមនារី ហ្វីលីពីន នាថ្ងៃទី០២ ខែកក្កដា ២០២៥ និងប្រកួតទី៣ ដែលជាប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល G គឺក្រុមនារីម្ចាស់ផ្ទះកម្ពុជាត្រូវប៉ះ ក្រុមនារី អារ៉ាប៊ីសាអូឌីត នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥៕