ក្រុមបឹងកេត ជាបេក្ខភាពទី៤ ឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ

ភ្នំពេញ៖ បឹង​កេ​ត​បាន​ក្លាយជា​ក្រុម​បេក្ខភាព​ទី​៤ ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល ២០២៤-២០២៥ បន្ទាប់​ពី​ទម្លាក់​ក្រុម​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ ជើង​ទី​២ កាលពី​យប់​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៥ ដោយ​លទ្ធផល​បច្ចេកទេស ១-០​។

១​គ្រាប់​ជ័យជម្នះ​របស់​ម្ចាស់ផ្ទះ បឹង​កេ​ត ធ្វើ​សម្រេច​ដោយ​កីឡាករ ម៉ាត់ ណូ​រិ​ន នៅ​ក្នុង​ម៉ោង​បង្គ្រប់​៩០​នាទី​។ សរុប​ទាំង​ពីរ​ជើង បឹង​កេ​ត​បាន​យកឈ្នះ​ក្រុម​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ដោយ​លទ្ធផល​បច្ចេកទេស ៣-០​។ ដូច្នេះ​បេក្ខភាព​៤​ក្រុម ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រួម​មាន​៖ បឹង​កេ​ត ត្រូវ​ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ខណៈ​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប វិសាខា​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រូវធ្វើ​ឡើង​ចំនួន​២​ជើង​ដែរ ដោយ​ជើង​ទី​១ ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៣ ខែមេសា រីឯ​ជើង​ទី​២ គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​០៧-០៨ ខែឧសភា ឆ្នាំ​២០២៥​។ ដោយឡែក​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ត្រូវធ្វើ​ឡើង នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ដោយ​លេង​ទាំង​ពីរ​ប្រកួត ដែល​ក្រុម​ចាញ់​ៗ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រូវ​ប្រកួត​ដណ្តើម​លេខ​៣ ខណៈ​ក្រុម​ឈ្នះ​ៗ២​ក្រុម​ត្រូវ​ប្រកួត​ដណ្តើម​ម្ចាស់​ដំណែង​ជើងឯក​ប្រចាំ​រដូវ​កាល ២០២៤-២០២៥​នេះ​តែ​ម្តង​៕

Previous articleអ្នកចាត់ការក្លឹប Chelsea នៅតែមិនបញ្ជាក់អំពីអនាគត Sancho នៅ Stamford Bridge
Next articleAntony បង្ហាញភាពមិនច្បាស់លាស់ជុំវិញអនាគតខ្លួន