ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានលើកឡើងថា ការប្រកួតកីឡាចំបាប់យុវជនជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍កីឡាចំបាប់កម្ពុជាឱ្យដូចបណ្តាលប្រទេសនានា ក្នុងការបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវសមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ។
នេះជាការលើកឡើងរបស់លោក ខេស៊ី បាណេត ក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាចំបាប់យុវជន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។
លោក ខេស៊ី បាណេត បានគូសបញ្ជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ លោកបានវាយតម្លៃថា ការប្រកួតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងប្រកបដោយភាពស្រស់ស្អាត សប្បាយរីករាយ មិត្តភាព និងសុវត្ថិភាព ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើន។ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះមានសមាគម ក្លឹប ប្រតិភូ និងកីឡាករ កីឡាការិនី ចូលរួមចំនួន១៧ក្លឹបសរុបមានចំនួន ១៩៥នាក់ ក្នុងនោះប្រតិភូ គ្រូបង្វឹក ៣៤នាក់ កីឡាករ ១០៨ នាក់ កីឡាការិនី ៥៣នាក់។ ការរៀបចំប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការឧបត្ថម្ភដោយ The Beach កសិដ្ឋានអមរៈ និងSephora Sport Center។
ក្នុងនាមតំណាងប្រធានសហព័ន្ធ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតឱ្យសហព័ន្ធកីឡាកីឡាកម្ពុជាបានរៀបចំការប្រកួតកីឡាកីឡាចំបាប់យុវជន ថ្នាក់ជាតិនេះឡើង។ ជាមួយគ្នានេះ លោក ខេស៊ី បាណេត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិបតិ្តសហព័ន្ធកីឡាចំបាប់ គ្រូបង្វឹក ចៅក្រម មន្ត្រីបច្ចេកទេសទាំងអស់ ដែលជួយរៀបចំដំណើរការការប្រកួតនេះដោយរលូន និងជោគជ័យ។
គួរបញ្ជាក់ថា ជ័យលាភីចំណាត់ថ្នាក់ រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបកីឡាចំបាប់ព្រះធាតុខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ៣ និងមេដាយសំរឹទ្ធ១, ចំណាត់ថ្នាក់លេខ២ ក្លឹប Kiri Jiu-Jutsu Wrestling មេដាយមាស២ ប្រាក់២ ខណៈលេខ៣ បានទៅលើក្លឹបខេមអេដ (CamEd Wrestling) មេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២។ ចំពោះក្លឹប៥ទៀតដណ្តើមបានមេដាយមាសម្នាក់១គ្រឿងដូចគ្នា ព្រមទាំងទទួលបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួនទៀត និងឈរនៅលេខរៀងបន្ទាប់ ក្នុងចំណោម១៦ក្លឹប ខណៈក្លឹបតែ២ប៉ុណ្ណោះ ដែលមិនទទួលបានមេដាយសោះ៕