ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះទទួលក្រុមខ្លាំង FK Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣អាស៊ី

ភ្នំពេញ៖ ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​ជួប​ក្រុមក្រុម​បាល់ទាត់ Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024-25 នៅ​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដែល​ការ​ប្រកួត​នេះនឹង​ធ្វើឡើង​នៅ​ពហុកីឡដ្ឋានជាតិ​មរតតេជោ ទឹក​ដីកម្ពុជា។ ក្រុម​ស្វាយរៀង បានកក់លុយ ៥០ម៉ឺនដុល្លាររួច​រាល់ ក្រោយឈ្នះ Madura United ទាំងពីរជើង និង​ត្រៀម​ប្រជែង​ជើងឯក ជា​មួយ​ទឹក​ប្រាក់ ១លានដុល្លារ។

គួររំលឹកផងថា ព្រះខ័នរាជស្វាយរៀង មុនការឈានមកដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ក្រុមនៃលីគកំពូលកម្ពុជាមួយនេះ បានឆ្លងកាត់ការលេងវគ្គចែកពូលនាមជាក្រុមលេខ២ ចេញពីពូល E បន្ទាប់ពីរកបាន ៣ពិន្ទុ ហើយនៅវគ្គ ៨ក្រុមបន្តយកឈ្នះក្រុម Shan United សរុបទាំងពីរជើង ៧-៤ ខណៈជើងទី២ លេងស្មើជាមួយក្រុម Madura United ៣-៣ យ៉ាងស្វិតស្វាញ តែសរុបទាំងពីរជើង ៦-៣ ដោយជើងទី១យកឈ្នះ ៣-០។

សម្រាប់គូប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024-25 របស់ព្រះខ័នរាជស្វាយរៀង មានអាយុទើបតែ ២ឆ្នាំប៉ុណ្ណោះ និងបង្កើតឡើង​ដោយប្រធានាធិបតីរបស់​ប្រទេសតួរមេនីស្ថាន។

FK Arkadag ជាក្លិបក្មេងខ្ចីមួយដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយអតីត ប្រធានា​ធិប​តីរបស់​ប្រទេសតួរមេនីស្ថាន លោក Gurbanguly Berdimuhamedow។

FK Arkadag ក៏ជា​ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងដោយឈ្នះពាន គ្រប់ព្រឹត្តិការណ៍ក្នុងស្រុកទាំងអស់ ដែលខ្លួនចូលរួមប្រកួត៕

Previous articleDe Bruyne បង្ហើបរឿងមួយ… មុននឹងសម្រេចចិត្តចាកចេញពី Man City
Next articleរឿងសំខាន់ៗរបស់ព្រះខ័នស្វាយរៀង បានធ្វើឱ្យកម្ពុជាមានមោទនភាព ក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League