លីគកំពូលកម្ពុជាប្រជែងគ្នាក្នុងសប្តាហ៍ចុងក្រោយខណៈកីឡាករ Ramon របស់វិសាខា ឈរដំណែងស្បែកជើងមាស

ភ្នំពេញ៖ ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​នឹង​ឈាន​ដល់​ស​ប្តា​ហ៍​ទី​៣២ នា​ចុង​ស​ប្តា​ហ៍​នេះ ថ្ងៃ​ទី​១៧-១៨ ខែឧសភា ឆ្នាំ​២០២៥ ដែល​ជាស​ប្តា​ហ៍​ចុង​ក្រោយ​គេ ដើម្បី​បញ្ចប់​ការ​ប្រកួត​រដូវ​កាល ២០២៤-២០២៥ ដោយ​មាន​៥​ប្រកួត ខណៈ​ដំណែង​ម្ចាស់​ស្បែកជើង​មាស​នៅ​តែ​ប្រកួតប្រជែង​គ្នា ដោយ​មាន​កីឡាករ​២ រូប​គឺ DE ANORADE SOUZA RAMON របស់​វិសាខា រកបាន ២០​គ្រាប់ និង​តាម​ពីក្រោយ​ដោយ​កីឡាករ RAFAEL ANDRES NIETO RONDON របស់​ភ្នំពេញ​ក្រោ​នរក​បាន ១៩​គ្រាប់​។

សម្រាប់​៥​ប្រកួត​ចុង​ក្រោយ​នៃ​៦​ក្រុម​ខាងលើ និង​៥​ក្រុម​ខាងក្រោម រួម​មាន​៖ ក្រុម​ទ័ព ប៉ះ ក្រសួងមហាផ្ទៃ ខណៈ​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ភ្ញៀវ ឡាយ​ហ្វ​ខេត្ត​ព្រះ​សីហ​នុ​។ ចំពោះ​៣​ប្រកួត​ទៀត នា​ថ្ងៃអាទិត្យ គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​ឈ្នះ​ជើងឯក​មុន​បញ្ចប់​រដូវ​កាល ត្រូវ​ប្រជែង​ពិន្ទុ​ជាមួយ​ភ្នំពេញ​ក្រោ​ន ដែល​កំពុង​ក្តោប​ក្តាប់​ដំណែង​ចំណាត់ថ្នាក់​លេខ​២ ស្រប​ពេល​ដែល​វិសាខា ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ រីឯ ណា​ហ្គា​វើ​ល​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បឹង​កេ​ត​។ បើ​ទោះបីជា ១​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​៣​លើ​កំពូល​តារាង​មាន​លទ្ធផល​បែប​ណា ក្តី ក៏​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណាត់ថ្នាក់​នៃ​៣​ក្រុម​លើ​កំពូល​តារាង​ឡើយ ក្នុង​នោះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង លេខ​១ មាន ៧៦​ពិន្ទុ​, ភ្នំពេញ​ក្រោ​ន លេខ​២ មាន ៦៩​ពិន្ទុ ខណៈ​វិសាខា ឈរ​លេខ​៣ មាន​៦២​ពិន្ទុ (​គិត​ត្រឹម​ស​ប្តា​ហ៍​៣១)​។

ងាក​មក​មើល​កីឡាករ ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ ដើម្បី​ដណ្តើម​ស្បែកជើង​មាស ប្រចាំ​រដូវ​កាល​នេះ គឺ​គិត​ត្រឹម​ស​ប្ដា​ហ៍​ទី​៣១ កីឡាករ DE ANORADE SOUZA RAMON របស់​វិសាខា​ទាត់​ចូល​ទី​គូប្រកួត​បាន ២០​គ្រាប់ ហើយ​ប្រកួត​ចុង​ក្រោយ​នឹង​ត្រូវ​លេង​ជាមួយ អង្គ​រថា​យ​ហ្គឺ​រ​។ រីឯ​កីឡាករ RAFAEL ANDRES NIETO RONDON របស់​ភ្នំពេញ​ក្រោ​ន រកបាន ១៩​គ្រាប់ ខណៈ​ដែល​ប្រកួត​បន្ទាប់ គឺ​ភ្នំពេញ​ក្រោ​ន​ត្រូវ​ជួប​ជាមួយ​ម្ចាស់​ជើងឯក ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​។ រង់ចាំ​មើល​ថា​កីឡាករ​ទាំង​២ តើ​នរណា​ជា​ម្ចាស់​ស្បែកជើង​មាស​។

ងាក​មក​មើល​កីឡាករ​ទាត់​ប​ញ្ជូ​ល​ទី​បាន​ច្រើន​ជាងគេ ផ្នែក​យុវជន​ខ្មែរ​ដែល​មាន​ពានរង្វាន់​ដោយឡែក​១​ផ្សេង​ទៀត​ដែរ​នោះ គឺ​ក្នុង​ចំណោម ៨​នាក់ គឺ​កីឡាករ សៀង ច​ន្ធា របស់​ក្លឹ​ប​បឹង​កេ​ត ឈរ​លេខ​១ រកបាន​១៤​គ្រាប់ កីឡាករ ម៉ាត់ នូ​រុណ របស់​បឹង​កេ​ត ឈរ​លេខ​២ រកបាន​១០​គ្រាប់ ខណៈ​កីឡាករ ញាន សុ​ស៊ី​ដាន់ របស់​ក្លឹ​ប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង រកបាន​១០​គ្រាប់​ដែរ ដែល​តាម​ពីក្រោយ​ដោយ​កីឡាករ ហាវ សុខ​នេត្រ របស់​ក្រុម​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ៩​គ្រាប់ និង​ស រតនា របស់​វិសាខា រកបាន​៨​គ្រាប់​។

គួរ​បញ្ជាក់​ថា ពិធី​ប្រគល់​ពានរង្វាន់​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​ព្រី​មៀរ​លី​គ (CPL) រដូវ​កាល ២០២៤-២០២៥ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​លើ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​រវាង​ម្ចាស់ផ្ទះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ជាមួយ ភ្នំពេញ​ក្រោ​ន នា​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ តែ​ម្ដង​៕

Previous articleព្រះខ័នរាជស្វាយរៀងឡើងប្រជែងជើងឯកជាមួយភ្នំពេញក្រោន ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
Next articleជម្រើសជាតិនារីកម្ពុជាត្រៀមប្រកួតមិត្តភាពជាមួយ ហ្គាំ មុនធ្វើម្ចាស់ផ្ទះ វគ្គជម្រុះពូល G ពាន AFC Women’s Asian Cup