ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) ដែលមានអាយុចាប់ពី ៣០ឆ្នាំដល់៧០ឆ្នាំ ដើម្បីប្រមូលធនធានមហាជន និងអត្តពលិកចូលនិវត្តន៍ ត្រៀមចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់ ជើងឯកពិភពលោក ក្រោមការរៀបចំរបស់សហព័ន្ធហែលទឹកអន្តរជាតិ។
ការរៀបចំ និងគោលបំណងនៃការរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់នេះត្រូវបានគូសបញ្ជាក់ដោយលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ដែលការប្រកួតកីឡាហែលទឹកវ័យចាស់នេះគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
លោក ហែម គីរី សង្កត់ធ្ងន់ថា គោលបំណងចម្បង ដែលសហព័ន្ធចង់បាន គឺដើម្បីប្រមូលធនធានមហាជន និងអត្តពលិកចូលនិវត្តន៍ សម្រាប់ការជ្រើសរើសកីឡាករ-កីឡាការិនីវ័យចាស់ចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិ ដោយសារសហព័ន្ធហែលទឹកអន្តរជាតិតែងតែរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ជើងឯកពិភពលោក ជារៀងរាល់ឆ្នាំ។
អគ្គលេខាធិការរូបនេះគូសបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកវ័យចាស់ត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងគោលបំណងផ្តល់ឱកាសដល់មហាជនទាំងជនជាតិខ្មែរ និងជនជាតិបរទេសរស់ក្នុងប្រទេសកម្ពុជា ដែលមានវ័យចាស់ចូលរួម ហើយការប្រកួតនេះប្រព្រឹត្តទៅដោយផ្តោតទៅលើការចូលរួម ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពជាមួយគ្នាទៅវិញទៅមក។
លោក ហែម គីរី បានបន្ថែមថា កីឡាករ-កីឡាការិនី និងអ្នកស្រឡាញ់កីឡាហែលទឹកតែងតែហ្វឹកហាត់ ដើម្បីសុខភាព និងភាពរីករាយ ទើបសហព័ន្ធសម្រេចចិត្តរៀបចំឱ្យពួកគាត់ចូលរួមប្រកួតបង្ហាញសមត្ថភាពផ្ទាល់ទៀតផង ព្រមទាំងហ្វឹកហាត់បន្ថែមទៀត ដើម្បីការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition)។
គួរបញ្ជាក់ថា ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតប្រជែងមាន៨វិញ្ញាសាហែល៥០ម៉ែត្របុរស-នារី៤របៀប រីឯកម្រិតអាយុ មានចាប់ពីអាយុ ៣០-៣៥ឆ្នាំ ៣៦-៤០ឆ្នាំ ៤១-៤៥ឆ្នាំ ៤៦-៥០ឆ្នាំ ៥១-៥៥ឆ្នាំ ៥៦-៦០ឆ្នាំ ៦១-៦៥ ឆ្នាំ និងចាប់ពីអាយុ ៦៦ ឆ្នាំដល់ ៧០ឆ្នាំ៕