កីឡាការិនីបាល់ទាត់ ៤៥នាក់ ចូលរួមធ្វើតេស្ដជម្រើសជាតិ U19 ត្រៀមប្រកួតជើងឯកអាស៊ាន

ភ្នំពេញ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា​បាន​ចាប់ផ្ដើម​ធ្វើតេស្ដ ដោយ​មានការ​ចូលរួម​ពី​កីឡាការិនី​ក្រោម​១៩​ឆ្នាំ ៤៥​នាក់ ដើម្បី​ចម្រាញ់​ធនធាន​កីឡាការិនី​ឆ្នើម​ៗ​ត្រៀម​ចូលរួម​ការ​ប្រកួត​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម ១៩​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ (ASEAN U19 Girls’ Championship 2025) នៅ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​០៩-១៨ ខែមិថុនា ឆ្នាំ​២០២៥​។

បេសកកម្ម​ក្រុម​ជម្រើសជាតិ​នារី U19 កម្ពុជា ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក ឈឺ​ន នី​ផា នេះ ត្រូវ​បាន​កោះហៅ​កីឡាការិនី​វ័យក្មេង​ចំនួន ៤៥​នាក់​ចូលរួម​ធ្វើតេស្ដ​សមត្ថភាព​ដំណាក់កាល​ទី​១ ចាប់ពី​ថ្ងៃ​ទី​១៩-២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​។ ចំពោះ​កីឡាការិនី ដែល​បាន​កោះហៅ​មក​ធ្វើតេស្ដ​នេះ​ដែរ រួម​មាន​សមាជិកសមាគម​ក្លិប​បាល់ទាត់​មី​ស្ទើរ​លេង ១០​នាក់​, ក្លិប​បាល់ទាត់​សៀមរាប ៩​នាក់​, ក្លិប​បឹង​កេ​ត ៦​នាក់​, ណា​ហ្គា​វើ​ល​ដ៏ ៦​នាក់​, ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៥​នាក់​, វិសាខា ៥​នាក់​, ភ្នំពេញ​ក្រោ​ន ២​នាក់ និង​សមាជិក​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង ២​នាក់​។ សម្រាប់​លក្ខណៈ នៃ​ការ​ធ្វើតេស្ដ​នេះ​ដែរ នៅ​មិន​ទាន់​បញ្ជាក់​នឹង​ធ្វើ​ប៉ុន្មាន​ដំណាក់កាល​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា យុទ្ធនាការ​ប្រកួត​ពានរង្វាន់ ASEAN U19 Girls’ Championship 2025 ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម​នេះ ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល​B ជាមួយ​ថៃ ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ខណៈ​ពូ​ល​A មាន ៤​ក្រុម​ដូច​គ្នា គឺ​មាន​ម្ចាស់ផ្ទះ​វៀតណាម មី​យ៉ា​ន់​ម៉ា ឡាវ និង​ទី​ម័​រ​ខាងកើត​៕

Previous articleក្រុមជម្រើសជាតិវាយកូនឃ្លីលើតុបង្កើនការហ្វឹកហាត់ ដុសខាត់គុណភាពបច្ចេកទេស ត្រៀមព្រឹត្តិការណ៍អន្តរជាតិធំៗពីរ
Next articleកីឡាករឃីកបុកស៊ីងក្រសួងមហាផ្ទៃ ឈ្នះមេដាយ៧គ្រឿងពីព្រឹត្តិការណ៍ ISKA Kickboxing Thailand Open 2025