ឯកឧត្តម គុជ គីមឡុង បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្នុងស្មារតីអភិរក្ស និងអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិឱ្យកាន់តែរស់រវើក

ភ្នំពេញ៖ ឯកឧត្តម​ម គុ​ជ គី​ម​ឡុ​ង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​អាណត្តិ​ចាស់​ត្រូវ​បាន​សមាជិក​បោះ​ឆ្នោត​គាំទ្រ​ជ្រើសរើស​ឯកឧត្តម​បន្ត​ដឹកនាំ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី សម្រាប់​ឆ្នាំ​២០២៥​ដល់​ឆ្នាំ​២០២៩ ក្នុង​ស្មារតី​ដ៏​មោះមុត ដើម្បី​បន្ត​អភិរក្ស និង​អភិវឌ្ឍ​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ​មួយ​នេះ​ឱ្យ​កាន់តែ​រស់​រវើក​។

តាម​រយៈ​ការ​រៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​សម្រេច​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ប្រ​តិ​បត្ត​អាណត្តិ​ទី​៣ ឆ្នាំ​២០២៥-២០២៥ ចំនួន ៩ រូប រួម​មាន​៖ ឯកឧត្តម គុ​ជ គី​ម​ឡុ​ង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា អម​ដោយ​អនុប្រធាន​ពីរ​រូប គឺ​លោក​វេជ្ជបណ្ឌិត សុខ សំបូរ និង​លោក ឃាង ពី​វ រីឯ​លោក សេក សុ​ភ័​ក្រ អគ្គលេខាធិការ លោក ហូ​យ សូ​ណា អគ្គលេខាធិការ​រង លោក គាង ម៉េ​ង​សៀង អគ្គលេខាធិការ​រង លោក សេក សុ​ភ័​ណ អគ្គ​ហេ​រញ្ញឹក លោក គ្រួ​ច ច​ន្ថា​រិ​ទ្ធ អគ្គ​ហេ​រញ្ញឹក​រង និង​លោក មាន មា​និ​ត ជា​សមាជិក​។

អាណត្តិ​ទី​២ ២០២១-២០២៥ ឯកឧត្តម គុ​ជ គី​ម​ឡុ​ង ដែល​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ ទាំង​កម្លាំងកាយ​ចិត្ត​ដឹកនាំ​សហព័ន្ធ​ជំនាញ​កីឡា​ប្រពៃណី​អត្ត​សញ្ញា​ជាតិខ្មែរ​មួយ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់សម្គាល់​។ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ប្រធាន​បាន​ធ្វើ​ឱ្យ​ភេទ​កីឡា​អុកចត្រង្គ​មាន​កិត្តិនាម​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម គុ​ជ គី​ម​ឡុ​ង ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការ​រង អគ្គ​ហេរញ្ញិក និង​សមាជិក គណៈកម្មាធិការ​ប្រតិបត្តិ និង​មន្ត្រី​សហព័ន្ធ​ទាំងអស់ ក្នុង​អាណត្តិ​មុន​ៗ ដែល​ជា​ប្រតិបត្តិ​ករ​ដោយ​ផ្ទាល់​បាន​ខិតខំ​ជំរុញ​ឱ្យ​មាន​វឌ្ឍនភាព​នៃ​ប្រភេទ​កីឡា​អុកចត្រង្គ​របស់​កម្ពុជា​។ គណៈកម្មាធិការ​ប្រតិបត្តិ​បាន​បញ្ចេញ​អស់កម្លាំង​កាយ​ចិត្ត​នូវ​ស្មារតី​មោះមុត ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រភេទ​កីឡា​អុកចត្រង្គ​ឱ្យ​កាន់តែ​ល្បីល្បាញ ទាំង​ក្នុង​ប្រទេស តំបន់ និង​លើ​ឆាក​អន្តរជាតិ​។

កត់សម្គាល​បន្ថែម​ពីលើ​នេះ កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ​មួយ​នេះ​នៅ​តែ​ជា​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​ខ្មែរ ទាំង​ក្នុង​ការ​លេង​កម្សាន្ត​សាកល្បង​ប្រាជ្ញា​ស្មារតី និង​ការ​ប្រកួតប្រជែង​មេដាយ​ទាំង​ក្រប​ខណ្ឌ​ក្លឹ​ប និង​ការ​ប្រកួត​ថ្នាក់​ជាតិ​ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​។ ប្រភេទ​កីឡា​អុកចត្រង្គ​ក៏​តែងតែ​ត្រូវ​បាន​រៀបចំ​ដាក់​ឱ្យ​ប្រកួត នៅ​ក្នុង​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​ធំ​ៗ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ដូច​ជា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ប្រភេទ​កីឡា​អុកចត្រង្គ​បាន​ស្ថិត​នៅ​ក្នុង​ដួង​ព្រលឹង​របស់​កូន​ខ្មែរ ក្នុង​ការ​លើក​ស្ទួយ អភិរក្ស និង​អភិវឌ្ឍ​ជំនាញ​កីឡា​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឱ្យ​នៅ​តែ​រស់​រវើក​។

អ្វី​ដែល​សំខាន់ គឺ​សហព័ន្ធ​តែងតែ​ផលិត​បាន​នូវ​ធនធាន​កីឡាករ​កាន់តែ​ច្រើន និង​ប្រកបដោយ​គុណភាព ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​ជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខ ជា​ពិសេស​គឺ​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​។ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ប្រភេទ​កីឡា​អុកចត្រង្គ​ដណ្តើម​បាន​កិត្យានុភាព​ទាំង​ការ​រៀបចំ និង​ឈ្នះ​មេដាយមាស ប្រាក់ និង​សំរឹទ្ធ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ កាលពី​ខែឧសភា ឆ្នាំ​២០២៣​ផង​ដែរ​៕

Previous articleកីឡាករអត្តពលកម្ម វ៉ាន់ ភារ៉ា ចូលរួមប្រកួតជើងឯកអាស៊ី នៅកូរ៉េខាងត្បូង
Next articlePep Guardiola និយាយច្បាស់ៗអំពីអនាគតរបស់ខ្សែការពារស្តាំ Kyle Walker