ភ្នំពេញ៖ នៅទីបំផុត ក្រុមភ្នំពេញក្រោនបានឈ្នះម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៤-២០២៥ បន្ទាប់ពីបានយកឈ្នះក្រុមការពារម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង រដូវកាលមុន ដោយលទ្ធផលបច្ចេកទេស ២-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញនៅវគ្គផ្តាច់ព្រ័ត្រ ប្រជែងម្ចាស់ដំណែជើងឯកនេះ ក្រុមភ្នំពេញក្រោនបានបើកការនាំមុខ១គ្រាប់មុន នៅនាទីទី២៤ ដោយធ្វើសម្រេចដោយកីឡាករ ឡុង ភារ៉ាត ហើយបញ្ចប់ការប្រកួតនៅវគ្គទី១ ភ្នំពេញនាំមុខ១-០។ ចូលដល់វគ្គទី២ នៅនាទី៦២ កីឡាករ ញាន សុស៊ីដាន របស់ព្រះខ័នរាជស្វាយរៀងធ្វើសម្រចបាន១គ្រាប់តាមស្មើវិញ ១-១។ នៅនាទី ៧៨ ភ្នំពេញក្រោនធ្វើសម្រេចបាន១គ្រាប់បន្ថែមបើកការនាំមុខជាថ្មី ដែលរកបានដោយកីឡាករ Nieto Rondon Rafael Andres។ លទ្ធផល ២-១ នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ដែលធ្វើឱ្យ ភ្នំពេញក្រោន ឈ្នះជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥។
ចំពោះ១ប្រកួតទៀតដណ្តើមចំណាត់ថ្នាក់លេខ៣ គឺបឹងកេតបានយកឈ្នះវិសាខា ដោយលទ្ធផល ៣-០។ ដូច្នេះ ភ្នំពេញក្រោន ជើងឯក ព្រះខ័នរាជស្វាយរៀង ជើងឯករង និងបឹងកេត ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈក្រុមវិសាខាទទួលបានពានលេងដោយយុត្តិធម៌។
ចំពោះចំណាត់ថ្នាក់ក្រុម និងពានរង្វាន់ឯកត្តជន រួមមាន៖ ជើងឯក ភ្នំពេញក្រោន ទទួលបានមេដាយមាស ពានរង្វាន់ អមដោយថវិកា ១៥០លានរៀល, ជើងឯករង ព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយប្រាក់ (៤៥គ្រឿង) អមដោយប្រាក់រង្វាន់ ១០០លានរៀល, ចំណាត់ថ្នាក់លេខ៣ បឹងកេត ទទួលបានមេដាយសំរឹទ្ធ (៤៥គ្រឿង) អមដោយប្រាករង្វាន់ ៧០លានរៀល, ក្រុមវិសាខា ទទួលបានពានក្រុមលេងដោយយុត្តិធម៌ជាងគេ អមដោយប្រាក់រង្វាន់ ១០លានរៀល។ កីឡាករ សៀង ចន្ធា (បឹងកេត) ឈ្នះពានស្បែកជើងមាស ទទួលបានប្រាក់រង្វាន់ ៥លានរៀល, កីឡាករ ម៉ាត់ នរុណ (បឹងកេត) ឈ្នះពានកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ ប្រាក់រង្វាន់ ៥លានរៀល, អ្នកចាំទី អ៊ុ វិចិត្រ (ភ្នំពេញក្រោន) ឈ្នះស្រោមដៃមាស ប្រាក់រង្វាន់ ៥លានរៀល, លោក Oleg Starynskyi (គ្រូបង្វឹកក្រុមភ្នំពេញក្រោន) ឈ្នះពានគ្រូបង្វឹកល្អជាងគេ អមដោយប្រាក់រង្វាន់ ៥លានរៀល និងក្រុមអាជ្ញាកណ្តាលល្អ ប្រាក់រង្វាន់ ៨លានរៀល៕