ភ្នំពេញ៖ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ WT កម្ពុជាបានគូសបញ្ជាក់ថា កីឡាការិនី៥នាក់កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្ម ៣ពេល ជារៀងរាល់ថ្ងៃ ដើម្បីត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក នាខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr នៅប្រទេសអាល្លឺម៉ង់។
គ្រូធំជម្រើសជាតិកម្ពុជារូបនេះបន្ថែមថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំ ដូចអូឡាំពិកហ្គេមដែរ។ ព្រឹត្តិការណ៍នេះ អត្តពលិកតេក្វាន់ដូ WT កម្ពុជាធ្លាប់បានចូលរួមប្រកួតចំនួន ២លើករួចមកហើយ ប៉ុន្តែពុំធ្លាប់ទទួលបានមេដាយនៅឡើយទេ។ សម្រាប់ការប្រកួតឆ្នាំ២០២៥នេះ លោកគ្រូលើកឡើងថា កីឡាការិនីត្រៀមខ្លួនទាំង៥នាក់កំពុងប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ដោយក្នុង១ថ្ងៃៗគឺហ្វឹកហាត់ចំនួន ៣ពេល។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការហ្វឹកហាត់ត្រៀមខ្លួននេះ គឺលោក ឆយ យ៉ុងសុក ក៏បានបង្ហាញក្តីសង្ឃឹមដែរ ក្នុងការឈានឆ្ពោះទៅរកកម្រិតមេដាយ ទើបយើងខិតខំប្រមូលផ្តុំហ្វឹកហាត់។
លោក ឆយ យ៉ុងសុក សង្កត់ធ្ងន់ថា កីឡាការិនីទាំង៥នាក់ គឺមានបទពិសោធច្រើន ក្នុងការប្រកួតអន្តរជាតិកន្លងមក ដូចជាស៊ីហ្គេម កីឡាអាស៊ី ជាដើម។ តាមរយៈការចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក នៅប្រទេសអាល្លឺម៉ង់ នាខែកក្កដា ឆ្នាំ២០២៥នេះ ក៏ជាការផ្តល់ឱកាសដល់កីឡាការិនីកម្ពុជា ក្នុងការបង្កើនគុណភាពបច្ចេកទេសត្រៀមឆ្ពោះទៅចូលរួមប្រជែងមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ។
កីឡាការិនីតេក្វាន់ដូ WT ទាំង៥នាក់ រួមមាន៖ កីឡាការិនី រ៉េត ផាន់ម៉ូនីកា កីឡាការិនី គ្រី លីដែន កីឡាការិនីឈន់ ធារ៉ា កីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី វ៉ាន់ បូរី ដែលមានគ្រូបង្វឹកដឹកនាំផ្ទាល់ គឺលោក ឈុន សុខឡុង។
គួរបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៦-២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលមានជាង១០០ប្រទេសចូលរួមមកពីជុំវិញពិភពលោក ខណៈដោយកម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡា ៣៥រូបលើ៦ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។ ប្រតិភូកីឡាកម្ពុជាដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកនាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត៕