ជម្រើសជាតិជឺជីតស៊ូកម្ពុជាឈ្នះមេដាយ ១១គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសហ្ស៊កដានី

​ហ្ស៊​ក​ដា​នី៖ ក្រុម​ជម្រើសជាតិ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​ហើយ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ ជ្រើសរើស​ជើងឯក​អាស៊ី ឆ្នាំ​២០២៥ នៅ​ប្រទេស​ហ្ស៊​ក​ដា​នី ពី​ថ្ងៃ​ទី​២២-២៦ ខែឧសភា ឆ្នាំ​២០២៥ ដោយ​ដណ្តើម​បាន​សមិទ្ធផល​ធំធេង​ជូន​ជាតិ ដែល​ឈ្នះ​មេដាយមាស​២ ប្រាក់​៦ និង​សំរឹទ្ធ ៣​គ្រឿង សរុប ១១​គ្រឿង​។

មន្ត្រី​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​បាន​បញ្ជាក់​ថា ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ដែល​ឈ្នះ​មេដាយ​សរុប ១១​គ្រឿង​នេះ គឺ​មេដាយមាស ២​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរឹទ្ធ ៣​គ្រឿង​។ ចំពោះ​មេដាយមាស​២​គ្រឿង ដណ្តើម​បាន​ដោយ​កីឡាការិនី ទឹ​ន សុវណ្ណ​បួរ​កែវ រួម​គ្នា​ជាមួយ​កីឡាការិនី ហេង ស៊ីវ​ហ៊ា​ង លើ​វិញ្ញាសា​វិញ្ញាសា U21 Ju-jitsu Show Women និង​លើ​វិញ្ញាសា U21 Ju-jitsu Duo Women​។ ការ​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជើងឯក​ទ្វីបអាស៊ី ២០២៥​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី ទៅ​ចូលរួម​ប្រកួត​ចំនួន ៦ នាក់ ក្នុង​នោះ​មាន​កីឡាករ ៣ នាក់​រួម​មាន ទូច ពីរ​កក្កដា​, មឿ​ន លី​ម​សុខ​បញ្ញា និង គង់​ម៉ូ​ណា មិ​ថុ​រ៉ា​។ ចំណែក​កីឡាការិនី​វិញ​មាន​ចំនួន ៣ នាក់​រួម​មាន ហេង ស៊ីវ​ហ៊ា​ង​, គង់​ម៉ូ​ណា ជេស​ស៊ី​កា និង​កីឡាការិនី ទី​ន សុវណ្ណ​បួរ​កែវ​។

ឯកឧត្តម ថោ​ង ធន ប្រធាន​ស្តីទី​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​គូសបញ្ជាក់​ថា ការ​ចូលរួម​ប្រកួត​ក្នុង​កម្រិត​ជើងឯក​អាស៊ី​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ពង្រឹងគុណភាព​បច្ចេកទេស​អត្ត​ព​លិ​ក​កម្ពុជា​។ នេះ​ជា​ការ​ចូលរួម​របស់​កម្ពុជា រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ការ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ការ​វាស់​ស្ទង់​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​កម្ពុជា​៕

Previous articleជម្រើសជាតិតេក្វាន់ដូ WT ៥នាក់ដុសខាត់បច្ចេកទេស ត្រៀមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក នៅអាល្លឺម៉ង់
Next articleលោក ភា សុភ័ក្ត្រា ៖ កីឡាករ លីម អារុណ ចាកចេញពីក្លឹបទ័ព បន្សល់ទុកការចងចាំមិនអាចភ្លេច