អត្តពលិកហាប់គីដូកម្ពុជាប្តេជ្ញាប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​គ្រោង​នឹង​បញ្ជូន​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី សរុប ១៥​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៥ (2nd South East Asia Hapkido Championship 2025) នៅ​ទីក្រុង​Yogyakarta ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ពី​ថ្ងៃ​ទី​១៤-១៥ ខែមិថុនា ឆ្នាំ​២០២៥ ខណៈ​អត្ត​ព​លិ​កបាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ដ៏​មោះមុត ក្នុង​ការ​ហ្វឹកហាត់ និង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ប្រជែង​ឱ្យ​បាន​នូវ​មេដាយ​យក​មក​ជូន​ជាតិ​។

លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​គូសបញ្ជាក់​ថា ដោយ​បានការ​អនុញ្ញាត​ពី​ប្រធាន​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ឧកញ៉ា សៅ សេង​ហាក់ សហព័ន្ធ​ត្រៀម​បញ្ជូន​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ចំនួន​១៥ នាក់ ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ ឆ្នាំ​២០២៥ ក្នុង​នោះ​កីឡាករ ៧ នាក់ និង​កីឡាការិនី ៤ នាក់​។ សហព័ន្ធ​អន្តរជាតិ​បាន​អញ្ញាត​ឱ្យ​ក្រុម​អត្ត​ព​លិ​ក​ហាប់​គី​ដូ​កម្ពុជា ក្នុង​ម្នាក់​ៗ​អាច​ប្រកួត​បាន ៣​វិញ្ញាសា ដូច្នេះ​កីឡាករ​កីឡាការិនី​ហាប់​គី​ដូ​កម្ពុជា​ទាំង​១១​នាក់​នឹង​ចូលរួម​ប្រកួត​លើ​គ្រប់​វិញ្ញាសា​ទាំងអស់​។

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៥​នេះ​មាន ៨​ប្រទេស​ចូលរួម ដែល​សុទ្ធ​សឹង​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ កីឡាការិនី​ប្រកបដោយ​គុណភាព​ខ្ពស់​ៗ​។ ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បាន​ត្រៀមខ្លួន​បាន​ខ្លះ​ៗ​ដែរ ប៉ុន្តែ​ក៏​អាច​និយាយ​បាន​ថា អត្ត​ព​លិ​ក​យើង​នៅ​ខ្វះ​កម្រិត​បច្ចេកទេស​បន្តិចទៀត ដោយ​សព្វ​ថ្ងៃនេះ​ពួក​គាត់​កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម ពីព្រោះ​ការ​ប្រកួត​លើក​នេះ​យើង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​របស់​សហព័ន្ធ​អន្តរជាតិ​។

បន្ថែម​ពីលើ​នេះ លោក គង់ ចាន់​ធី​ណា បាន​បញ្ជាក់​ទៀត​ថា សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បច្ចុប្បន្ន​នេះ កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ អាស្រ័យ​ដោយ​ប្រធាន​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ឧកញ៉ា សៅ សេង​ហាក់ និង​អនុប្រធាន លោក គួ​ច ហុង​ជៀក ព្រមទាំង​សមាជិក​របស់​សហព័ន្ធ​កីឡា​។ សហព័ន្ធ​មិន​ទាន់​ទទួល​បាន​កញ្ចប់​ថវិកា​ឧ​ត្ថ​ម្ភ​ប្រចាំឆ្នាំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដូច​សហព័ន្ធ​កីឡា​ជាតិ​នានា​នៅឡើយ​ទេ ដោយ​រាល់​ការ​ចំណាយ​គ្រប់​បែប​យ៉ាង និង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ជា​ថវិកា​ឧកញ៉ា សៅ សេង​ហាក់ និង​លោក គួ​ច ហុង ជៀក អនុប្រធាន​សហព័ន្ធ និង​ការ​ចូលរួម​បរិច្ចាគ​ខ្លះ​ៗ​ពី​សមាជិក​សហព័ន្ធ​។ ជាមួយ​គ្នា​នេះ លោក​អគ្គលេខាធិការ​បាន​ថ្លែងអំណរគុណ​ដល់​ការ​គាំទ្រ​ជា​ស្មារតី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ព្រមទាំង​ក្រុមហ៊ុន ឡា​រី​តា ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កីឡា​ហាប់​គី​ដូ​កម្ពុជា​៕

Previous articleឯកឧត្តម បួន ហ៊ីងសុធីយ៉ា ៖ បំប៉នអាជ្ញាកណ្តល-ចៅក្រមកម្ពុជាបន្ថែម ត្រៀមធ្វើម្ចាស់ផ្ទះកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ចុងមិថុនានេះ
Next articleលោក ខេស៊ី បាណេត ៖ កាផលិតធនធានអត្តពលិកនៅគ្រឹះស្ថានឧត្តមសិក្សា គឺជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជាមួយសហព័ន្ធកីឡាជាតិ