ភ្នំពេញ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សហព័ន្ធនឹងមិនអនុញ្ញាតឱ្យស្ថានីយទូរទស្សន៍មួយចាប់គូប្រកួតរបស់កីឡាករ កីឡាការិនីមកពីក្លឹបតែមួយនោះទេ ដោយការធ្វើបែបនេះអាចនឹងធ្វើឱ្យមានការផ្ទុះការគាំទ្រខ្លាំងសម្រាប់ក្លឹប និងស្ថានីយទូរទស្សន៍ ប៉ុន្តែវានឹងអាចធ្វើឱ្យវិស័យកីឡាប្រដាល់ទាំងមូលរងផលប៉ះពាល់ ដោយឯកឧត្តមស្នើសុំឱ្យពិនិត្យមើលព្រៃទាំងមូល។
នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធ នៅក្រោយកិច្ចប្រជុំស្តីពីការពង្រឹងលើការងាររៀបចំចងក្រងគណៈកម្មការចាប់គូប្រចាំស្ថានីយទូរទស្សន៍នីមួយៗ និងការងារដឹកនាំគ្រប់គ្រងការប្រកួតកីឡា ប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំអគាររដ្ឋបាល មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា ការចាប់គូកីឡាករ កីឡាការិនីច្រើននាក់មកពីក្លឹបតែមួយបែបនេះនឹងអាធ្វើឱ្យបាត់បង់នូវតម្លាភាពរបស់បណ្តាក្លឹបប្រដាល់គុនខ្មែរផ្សេងៗទៀត។ ដូច្នេះសហព័ន្ធតាក់តែងលក្ខន្តិកៈសម្រាប់ការចាប់គូឱ្យមានតម្លាភាព ទោះមិនបានស្មើគ្នា ក៏អាចប្រហាក់ប្រហែលគ្នាដែរ ក្នុងការផ្តល់ឱកាសដល់បណ្តាក្លឹបនានាចូលរួមអភិវឌ្ឍធនធានកីឡាករ កីឡាការិនីជាមួយក្លឹបផ្សេងៗ។ ការអនុវត្តនូវលក្ខន្តិកៈចាប់គូកីឡាករ កីឡាការិនីតែ១ក្លឹប ឬត្រឹមតែ២ក្លឹបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថានីយទូរទស្សន៍មួយចំនួន ប៉ុន្តែសហព័ន្ធសុំការយោគយល់ ដោយសារតែគោលការណ៍នេះនឹងជួយដល់ដំណើរការអភិវឌ្ឍរួមរបស់វិស័យកីឡាប្រដាល់គុនខ្មែរទាំងមូល ដែលនឹងជួយឱ្យក្លឹបនានាបានរស់រាន និងជួយពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនីតាមបណ្តាក្លឹបនានាឱ្យបានរីកចម្រើនទាំងអស់គ្នា។
ឯកឧត្តម ខូវ ឆាយ សង្កត់ធ្ងន់បែបនេះថា ៖«យើងដឹងហើយថា ដៃគូអភិវឌ្ឍជាស្ថានីយទូរទស្សន៍នានាកំពុងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែររៀងរាល់សប្តាហ៍ ក្នុងការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរយើងទាំងអស់បានប្រកួតប្រជែង។ ដូច្នេះប្រសិនបើគ្មានដៃគូអភិវឌ្ឍនោះទេ សហព័ន្ធក៏មិនអាចអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឱ្យរីកចម្រើនទៅមុខនោះទេ។ កន្លងមក យើងមានបញ្ហាមួយចំនួនមិនទាន់ស៊ីសង្វាក់គ្នា មិនទាន់យល់គ្នាឱ្យបានស៊ីជម្រៅ ហើយកិច្ចប្រជុំនេះផ្តោតសំខាន់លើចំណុចមួយចំនួន ដូចជា ការចាប់គូប្រកួត ដោយយើងរៀបចំគណៈកម្មការចាប់គូឡើងវិញ ដើម្បីជំរុញឱ្យបានត្រឹមត្រូវតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធ។ កន្លងមកមានករណីច្រើន ដូចជាការចាប់គូស្ទួនគ្នា ក្នុងករណីខ្លះកីឡាករតែម្នាក់ត្រូវបានចាប់គូដល់ទៅ ២-៣ស្ថានីយទូរទស្សន៍ក៏មានដែរ។ ពេលខ្លះកីឡាករខ្លះចាប់គូជាន់សប្តាហ៍គ្នា ដែលធ្វើឱ្យបញ្ហាកើតឡើង»។
បន្ថែមពីលើនេះ ឯកឧត្តម ខូវ ឆាយ បន្ថែមថា ដើម្បីឱ្យការចាប់គូកាន់តែល្អ ដូច្នេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវធ្វើការរួមគ្នាជាមួយស្ថានីយទូរទស្សន៍ជាដៃគូអភិវឌ្ឍន៍នានាឱ្យបានស៊ីជម្រៅ ដោយសហព័ន្ធនឹងចាត់តាំងតំណាងម្នាក់របស់សហព័ន្ធទៅធ្វើការជាមួយទូរទស្សន៍មួយ ដើម្បីឱ្យត្រូវតាមគោលការណ៍របស់សហព័ន្ធតែម្តង។ ជាការគោលការណ៍មិនអនុញ្ញាតមានការចាប់គូមកពីក្លឹបតែមួយលើសពី៣គូ ក្នុង១សប្តាហ៍នោះឡើយ ហើយលក្ខខណ្ឌនេះតម្រូវឱ្យស្ថានីយទូរទស្សន៍មួយចាប់គូប្រកួតឱ្យមានកីឡាការិនីម្នាក់ ឬយុវជនថ្នាល់ម្នាក់ ក្នុង១សប្តាហ៍ ដោយនេះជាកាតព្វកិច្ចតែម្តង។ កន្លងមកគ្រាន់តែជាការស្នើសុំរបស់សហព័ន្ធប៉ុណ្ណោះ ប៉ុន្តែមិនបានដាក់បញ្ជូលទៅក្នុងភាពជាកាតព្វកិច្ចនោះឡើយ។ យ៉ាងណាចាប់ពីពេលនេះតទៅ សហព័ន្ធបានសម្រេចដាក់បញ្ជូលករណីចាប់គូឱ្យមានគូកីឡាការិនី១គូ ឬយុវជនថ្នាល១គូ ក្នុង១កម្មវិធីប្រកួត ហើយប្រសិនបើមិនមានការរៀបចំការប្រកួតបែបនេះទេ នោះសហព័ន្ធនឹងមិនអនុញ្ញាតឱ្យមានការប្រកួតនោះឡើយ។
ជាមួយគ្នានេះ សហព័ន្ធក៏ពង្រឹងលើគោលការណ៍មួយចំនួនទៀត ដើម្បីពង្រឹងវិន័យនៅតំបន់បច្ចេកទេសនៃការប្រកួត ដូចជាអ្នកចូលរួមឱ្យទឹក ការគ្រប់គ្រងអ្នកសារព័ត៌មាន ការចូលរួមផ្សេងៗដែលមិនប៉ះពាល់ដល់តំបន់បច្ចេកទេស មិនប៉ះពាល់ដល់ការងាររបស់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ កីឡាការិនីដែលកំពុងប្រកួតជាដើម។ ទាំងអស់នេះ ដើម្បីពង្រឹងដល់វិន័យ ការគ្រប់គ្រងការប្រកួតឱ្យមានលក្ខណៈល្អប្រសើ ដោយសហព័ន្ធត្រូវឱ្យមានការយល់ និងការចូលរួមទាំងអស់គ្នាពីដៃគូអភិវឌ្ឍន៍ទាំងអស់៕



