ការប្រកួតជ្រើសរើសសិស្សឆ្នើមប្រចាំសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ដើម្បីអបអរសាទរគម្រប់ខួបនៃការបង្កើតសាលាគុនជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ ការ​ប្រឡង​តំឡើង​ខ្សែក្រវាត់ និង​ការ​ប្រកួត​ជ្រើសរើស​សិស្ស​ឆ្នើម​ប្រចាំ​សាលា​គុន សុរិយា​កា​រ៉ា​តេ​-​ដូ សូ​តូ​កង់ ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ការ​សហការ​រវាង​សាលា​គុន​សុរិយា កា​រ៉ា​តេ​-​ដូ សូ​តូ​កង់ និង​ហាង​លក់​សម្ភារ​កីឡា Decathlon ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​គម្រប់​ខួប​នៃ​ការ​បង្កើត​សាលា​គុន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ស្វែងរក​សិស្ស​ឆ្នើម​ៗ​ប្រចាំ​សាលា​គុន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​មាន​ជ័យ​។

លោកគ្រូ ឡា​ច ច័ន្ទ​ដា​រ៉ា ប្រធាន​សាលា​គុន សុរិយា កា​រ៉ា​តេ​-​ដូ សូ​តូ​កង់ បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ជ្រើសរើស​សិស្ស​ឆ្នើម​ប្រចាំ​សាលា​គុន សុរិយា កា​រ៉ា​តេ​-​ដូ សូ​តូ​កង់ ឆ្នាំ​២០២៤​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ​គម្រប់​ខួប​នៃ​ការ​បង្កើត​សាលា​គុន​ជា​រៀង​រាល់​ឆ្នាំ ស្វែងរក​សិស្ស​ពូកែ និង​ឆ្នើម​ប្រចាំ​សាលា​គុន បង្កើត​បរិ​យាស​ថ្មី​សម្រាប់​សិស្សានុសិស្ស ក្រៅពី​ការ​ហ្វឹកហាត់​ឲ្យ​ខិតខំ​ដុសខាត់​សមត្ថភាព ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត​នានា ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​អាច​បង្ហាញ​សមត្ថភាព តាម​រយៈ​ការ​ប្រកួត​លើកទឹកចិត្ត​សិស្សានុសិស្ស​ឱ្យ​មាន​ភាព​ក្លាហាន ហ៊ាន​ជម្នះ​ភាព​ភ័យ​ខ្លាច មានការ​តស៊ូ និង​អត់ធ្មត់ និង​ឱ្យ​សិស្សានុសិស្ស​អាច​ស្វែង​យល់​បន្ថែម និង​ទទួល​បាន​បទ​ពិសោធ​ដោយ​ផ្ទាល់​អំពី​ដំណើរការ និង​ទិដ្ឋភាព​នៃ​ការ​ចូលរួម​ការ​ប្រកួត​។

លោក​ប្រធាន​សាលា​គុន សុរិយា បាន​បញ្ជាក់​ថា ការ​ប្រកួត​នេះ មាន​សិស្ស​គុន​ចូលរួម​សរុប ៤៧​នាក់ ក្នុង​នោះ​ស្រី ១១​នាក់​មក​ពី​ថ្នាក់​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​យុទ្ធ​សិល្ប៍​បុរាណ កម្ពុជា​-​ជប៉ុន (​ក្នុង​បរិវេណ​ស្ដា​ត​អូ​ឡាំ​ពិ​ក​) សាលា​គុន​សុរិយា កា​រ៉ា​តេ​-​ដូ សូ​តូ​កង់ និង​នៅ​ហាង​លក់​សម្ភារ​កីឡា Decathlon នៃ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​មាន​ជ័យ​នេះ​ផ្ទាល់​។

ជាមួយនឹង​ការ​ប្រកួត​ប្រចាំឆ្នាំ​ដ៏​មាន​សារៈសំខាន់ លោកគ្រូ​ប្រធាន​សាលា​គុន​ក៏​បាន​រម្លឹក​ប្រវត្តិ​សង្ខេប​របស់​សាលា​គុន សុរិយា កា​រ៉ា​តេ​-​ដូ សូ​តូ​កង់​ថា ក្លឹ​ប​សុរិយា​មាន​ន័យ​ថា «​ព្រះអាទិត្យ​» មានឈ្មោះ​ល្បីល្បាញ​យូរលង់​ណាស់​មក​ហើយ ជា​ពិសេស គ្រូ​កា​រ៉ា​តេ​ជា​ច្រើន​នៅ​កម្ពុជា ភាគច្រើន​គឺជា​សិស្ស​គុន​នៃ​ក្លឹ​ប​សុរិយា​។

ក្រោយ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដ៏​ខ្មៅ​ងងឹត​រយៈ​ពេទ្យ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ បាន​ដួល​រលំ​ទៅ ឧត្ត​មកា​រ៉ា​តេ​ចា​រ្យ ឡា​ច ច័ន្ទ​សុវណ្ណ បាន​លះបង់ និង​ចំណាយ​ពេញ​មួយ​ជីវិត​ដើម្បី​ចូលរួម​អភិវឌ្ឍ​កីឡា​កា​រ៉ា​តេ​-​ដូ​កម្ពុជា ដោយ​លោក​បាន​ប្រមូល​យុវជន​ក្មេង​ៗ​មក​ហ្វឹកហាត់​កីឡា​កា​រ៉ា​តេ​-​ដូ «​ស្ទីល​ហ្គិ​ន​ស៊ី​រី​យូ​» នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​១៩៨២ នៅ​ក្លឹ​ប​ក្បាល​មាន់ចែ ក្រោយមក​ដោយ​មានការ​រារាំង រករឿង​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​។ ពេល​នោះ​ក្លឹ​ប​ក៏​មានការ​ផ្លាស់​ប្តូរ​ជា​ញឹក​ញ៉ាប់​។ លុះ​មក​ដល់​ឆ្នាំ​១៩៩០ ដោយ​មានការ​ចុះ​កិច្ចព្រមព្រៀង​នៅ​ទី​ក្រុងប៉ារីស ដូច្នេះ​កា​រ៉ា​តេ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជា​ថ្មី​ឡើង​វិញ​។

ដោយ​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ កា​រ៉ា​តេ​បាន​ធ្វើ​ទំនើប​កម្ម​ច្ចេកទេស ដើម្បី​ឱ្យ​ស្មើមុខស្មើមាត់​នឹង​ប្រទេស​ក្នុង​តំបន់ ដោយ​លោកគ្រូ ឡា​ច ច័ន្ទ​ដា​រ៉ា បាន​ទទួល​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បន្ត​ពី​ឧត្ត​មកា​រ៉ា​តេ​ចា​រ្យ ឡា​ច ច័ន្ទ​សុវណ្ណ ហើយ​បាន​ខិតខំ​ហ្វឹកហាត់​ប្រឹងប្រែង ជម្នះ​គ្រប់​ឧបសគ្គ​ជាមួយនឹង​ការ​ចំណាយ​ពេលវេលា​អស់​ជាង​សែសិប​ឆ្នាំ និង​ធនធាន​ផ្ទាល់ខ្លួន​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​ក្លឹ​ប​សុរិយា​ឱ្យ​បាន​ក្លាយ​ខ្លួន​ជា សាលា​គុន សុរិយា​កា​រ៉ា​តេ​-​ដូ សូ​តូ​កង់ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ហ្វឹកហាត់​សមរម្យ និង​មានការ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា មា​នទី​តាំងនៅ​ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ មក​ដល់​បច្ចុប្បន្ន មាន​សិស្ស​ជា​ច្រើន​មាន​សក្តានុពល​រហូត​ដល់​បាន​សាង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​មាន​កីឡាករ ជ្រុ​ន វី​រៈ​បុត្រ ចូលរួម​ប្រកួត​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៦៧​គ​.​ក្រ ដណ្តើម​បាន​មេដាយមាស និង​កីឡាករ ឆេ​ង ច័ន្ទ​ដា​រ៉ា​រតនៈ ប្រកួត​វិញ្ញាសា​សម្តែង​បុរស​ជា​ក្រុម ដណ្តើម​បាន មេដាយ​សំ​រិ​ទ្ធ ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល ៦៤​ឆ្នាំ ដែល​កា​រ៉ា​តេ​កម្ពុជា​ធ្វើ​បាន​។ រហូត​មក​ដល់​ពេល​នេះ សាលា​គុ នៅ​តែ​បន្ដ​បណ្ដុះបណ្ដាល​សិស្ស​ជា​បន្ដបន្ទាប់ ដែល​យើង​អាច​មើលឃើញ​ពី​ការ​រីក​ធំធាត់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ហើយ​កូន​ៗ​ទាំងអស់​ដែល​នៅ​ទី​នេះ គឺជា​ចំណែក​នៃ​ការ​រីក​ចម្រើន​របស់​សាលា​គុន​ផង​ដែរ​។

លោកគ្រូ ឡា​ច ច័ន្ទ​ដា​រ៉ា បាន​បន្ថែម​ថា តាម​រយៈ​ការ​សង្កេត និង​ឆ្លងកាត់​នូវ​បទ​ពិសោធ​ផ្ទាល់ ការ​ហ្វឹកហាត់​កា​រ៉ា​តេ​ពិតជា​មាន​ប្រយោជន៍​ជា​ច្រើន សម្រាប់​ខ្លួនឯង និង​សង្គម​ជាតិ​។ សម្រាប់​លោកគ្រូ​ផ្ទាល់ ការ​ហ្វឹកហាត់​កា​រ៉ា​តេ​ជួយ​ពង្រឹង​កាយសម្បទា និង​ផ្លូវចិត្ត​ឱ្យ​រឹង​មាំ មាន​ភាព​រហ័សរហួន មាន​ភាព​អំណត់ តស៊ូ និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញ​កិច្ចការ​។ ជាមួយ​គ្នា​នេះ សិស្សានុសិស្ស​ទាំងអស់​ក៏​បាន​ឆ្លៀតពេល​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​។ សម្រាប់​សង្គម​ជាតិ ការ​ហ្វឹកហាត់​កា​រ៉ា​តេ​អាច​ផ្ដល់​ឱកាស​ដល់​អ្នក​ហ្វឹកហាត់​ដែល​មាន​សមត្ថភាព​បាន​តំណាង​ជាតិ​ចូលរួម​ការ​ប្រកួត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​៕

Previous articleហាប់គីដូកម្ពុជាឈ្នះមេដាយ ២៣គ្រឿង ការប្រកួតហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី
Next articleឯកឧត្តម ខូវ ឆាយ៖ បើចាប់គូប្រកួតប្រដាល់គុនខ្មែរ យកកីឡាករតែ១ក្លឹប ក្នុង១កម្មវិធីអាចនឹងផ្ទុះការគាំទ្រ តែវិស័យគុនខ្មែរទាំងមូលនឹងរងផលប៉ះពាល់