ហាប់គីដូកម្ពុជាឈ្នះមេដាយ ២៣គ្រឿង ការប្រកួតហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី

ឥណ្ឌូនេស៊ី៖ កីឡាករ កីឡាការិនី​ហាប់​គី​ដូ​កម្ពុជា​បាន​ឈ្នះ​មេដាយ​សរុប ២៣​គ្រឿង គឺ​មេដាយមាស​៤​គ្រឿង មេដាយ​ប្រាក់ ៧​គ្រឿង និង​មេដាយ​សំរឹទ្ធ ១២​គ្រឿង នៅ​ក្នុង​ការ​ប្រកួត​កីឡា​ហាប់​គី​ដូ ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូ​ណេ​ស៊ី រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​១៤-១៥ ខែមិថុនា ឆ្នាំ​២០២៥​។

លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​ប្រាប់​ពី​ប្រទេស​ឥណ្ឌូ​ណ​ស៊ី​មក​ថា ពេល​នេះ​ការ​ប្រកួត​បាន​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់​ពី​ដំណើរការ​ប្រកួតប្រជែង​រយៈពេល​២​ថ្ងៃ ហើយ​ជា​លទ្ធផល គឺ​អត្ត​ព​លិ​ក​ហាប់​គី​ដូ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប ២៣​គ្រឿង ក្នុង​នោះ​ថ្ងៃ​ទី​១ គឺ​កម្ពុជា​ដណ្តើម​បាន​មេដាយមាស ១​គ្រឿង មេដាយ​ប្រាក់ ៣​គ្រឿង និង​មេដាយ​សំរឹទ្ធ ៧​គ្រឿង ហើយ​នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី​២ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់ គឺ​អត្ត​ព​លិ​ក​ហាប់​គី​ដូ​កម្ពុជា​បាន​បន្ត​យកឈ្នះ​មេដាយ​បន្ថែម ១២​គ្រឿង​ទៀត ក្នុង​នោះ មេដាយមាស ៣​គ្រឿង​មេដាយ​ប្រាក់ ៤​គ្រឿង មេដាយ​សំរឹទ្ធ ៥​គ្រឿង សរុប​ទាំង​ពីរ​ថ្ងៃ គឺ​មេដាយ​ចំនួន ២៣​គ្រឿង​។

ចំពោះ​មេដាយមាស​ចំនួន ៤​គ្រឿង​របស់​កម្ពុជា​ដណ្តើម​បាន​ដោយ​កីឡាករ សុ​ខុន សីហ​នុ​ត មេដាយមាស​លើ​វិញ្ញាសា​ប្រយុទ្ធ​-៣៥​គីឡូក្រាម​, កីឡាការិនី គង់​ម៉ូ​ណា ដាយ​អាណា មេដាយមាស​លើ​វិញ្ញាសា​លោត​ចម្ងាយ​, កីឡាការិនី គង់​ម៉ូ​ណា ជេស​ស៊ី​កា មេដាយមាស លើ​វិញ្ញាសា​លោត​ចម្ងាយ និង​កីឡាករ ភិន មុន្នី​រតន៍ មេដាយមាស​លើ​វិញ្ញាសា​លោត​ចម្ងាយ​។

នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដែល​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ដែល​បង្ហាញ​ពី​គុណភាព​ខ្ពស់​របស់​កីឡាករ កីឡាការិនី​ហាប់​គី​ដូ​កម្ពុជា ដែល​ខិតខំ​ហ្វឹកហាត់ និង​ព​ន្លឿ​ន​ផែនការ​អភិវឌ្ឍ​របស់​ថ្នាក់ដឹកនាំ គ្រូបង្វឹក អត្ត​ព​លិ​ក​ជម្រើសជាតិ​នៃ​សហព័ន្ធ​កីឡា​ជាតិ​មួយ​នេះ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ហាប់​គី​ដូ ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឆ្នាំ​២០២៥​មាន​៨​ប្រទេស​ចូលរួម ហើយ​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី​សរុប​១១​នាក់​៕

Previous articleក្លឹបមួយនេះកំពុងនាំមុខការផ្ទេរ Nico Williams ប៉ុន្តែមិនមែន Bayern Munich នោះទេ
Next articleការប្រកួតជ្រើសរើសសិស្សឆ្នើមប្រចាំសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ដើម្បីអបអរសាទរគម្រប់ខួបនៃការបង្កើតសាលាគុនជារៀងរាល់ឆ្នាំ