ឯកឧត្តម ខូវ ឆាយ៖ បើចាប់គូប្រកួតប្រដាល់គុនខ្មែរ យកកីឡាករតែ១ក្លឹប ក្នុង១កម្មវិធីអាចនឹងផ្ទុះការគាំទ្រ តែវិស័យគុនខ្មែរទាំងមូលនឹងរងផលប៉ះពាល់

ភ្នំពេញ៖ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​គូសបញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ សហព័ន្ធ​នឹង​មិន​អនុញ្ញាត​ឱ្យ​ស្ថានីយទូរទស្សន៍​មួយ​ចាប់​គូប្រកួត​របស់​កីឡាករ កីឡាការិនី​មក​ពី​ក្លឹ​ប​តែ​មួយ​នោះ​ទេ ដោយ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​សម្រាប់​ក្លឹ​ប និង​ស្ថានីយទូរទស្សន៍ ប៉ុន្តែ​វា​នឹង​អាច​ធ្វើ​ឱ្យ​វិស័យ​កីឡាប្រដាល់​ទាំងមូល​រង​ផល​ប៉ះពាល់ ដោយ​ឯកឧត្តម​ស្នើ​សុំ​ឱ្យ​ពិនិត្យ​មើល​ព្រៃ​ទាំងមូល​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​ប្រធាន​សហព័ន្ធ នៅ​ក្រោយ​កិច្ចប្រជុំ​ស្តី​ពី​ការ​ពង្រឹង​លើ​ការងារ​រៀបចំ​ចងក្រង​គណៈកម្មការ​ចាប់​គូ​ប្រចាំ​ស្ថានីយទូរទស្សន៍​នីមួយ​ៗ និង​ការងារ​ដឹកនាំ​គ្រប់គ្រង​ការ​ប្រកួត​កីឡា ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ស​ប្តា​ហ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​សាល​ប្រជុំ​អគារ​រដ្ឋបាល មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ​។

ឯកឧត្តម ខូ​វ ឆាយ គូសបញ្ជាក់​ថា ការ​ចាប់​គូ​កីឡាករ កីឡាការិនី​ច្រើន​នាក់​មក​ពី​ក្លឹ​ប​តែ​មួយ​បែប​នេះ​នឹង​អា​ធ្វើ​ឱ្យ​បាត់បង់​នូវ​តម្លាភាព​របស់​បណ្តា​ក្លឹ​ប​ប្រដាល់​គុន​ខ្មែរ​ផ្សេង​ៗ​ទៀត​។ ដូច្នេះ​សហព័ន្ធ​តាក់តែង​លក្ខន្តិកៈ​សម្រាប់​ការ​ចាប់​គូ​ឱ្យ​មាន​តម្លាភាព ទោះ​មិន​បាន​ស្មើគ្នា ក៏​អាច​ប្រហាក់ប្រហែល​គ្នា​ដែរ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​បណ្តា​ក្លឹ​ប​នានា​ចូលរួម​អភិវឌ្ឍ​ធនធាន​កីឡាករ កីឡាការិនី​ជាមួយ​ក្លឹ​ប​ផ្សេង​ៗ​។ ការ​អនុវត្ត​នូវ​លក្ខន្តិកៈ​ចាប់​គូ​កីឡាករ កីឡាការិនី​តែ​១​ក្លឹ​ប ឬ​ត្រឹមតែ​២​ក្លឹ​ប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថានីយទូរទស្សន៍​មួយ​ចំនួន ប៉ុន្តែ​សហព័ន្ធ​សុំ​ការ​យោគយល់ ដោយសារ​តែ​គោលការណ៍​នេះ​នឹង​ជួយ​ដល់​ដំណើរការ​អភិវឌ្ឍ​រួម​របស់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ទាំងមូល ដែល​នឹង​ជួយ​ឱ្យ​ក្លឹ​ប​នានា​បាន​រស់រាន និង​ជួយ​ពង្រឹងគុណភាព​របស់​កីឡាករ កីឡាការិនី​តាម​បណ្តា​ក្លឹ​ប​នានា​ឱ្យ​បាន​រីក​ចម្រើន​ទាំងអស់​គ្នា​។

ឯកឧត្តម ខូ​វ ឆាយ សង្កត់ធ្ងន់​បែប​នេះ​ថា ៖«​យើង​ដឹង​ហើយ​ថា ដៃគូ​អភិវឌ្ឍ​ជា​ស្ថានីយទូរទស្សន៍​នានា​កំពុង​រៀបចំ​កម្មវិធី​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​រៀង​រាល់​ស​ប្តា​ហ៍ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​យើង​ទាំងអស់​បាន​ប្រកួតប្រជែង​។ ដូច្នេះ​ប្រសិនបើ​គ្មាន​ដៃគូ​អភិវឌ្ឍ​នោះ​ទេ សហព័ន្ធ​ក៏​មិន​អាច​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​នោះ​ទេ​។ កន្លង​មក យើង​មាន​បញ្ហា​មួយ​ចំនួន​មិន​ទាន់​ស៊ីសង្វាក់​គ្នា មិន​ទាន់​យល់​គ្នា​ឱ្យ​បាន​ស៊ីជម្រៅ ហើយ​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ចំណុច​មួយ​ចំនួន ដូច​ជា ការ​ចាប់​គូប្រកួត ដោយ​យើង​រៀបចំ​គណៈកម្មការ​ចាប់​គូ​ឡើង​វិញ ដើម្បី​ជំរុញ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​ការ​ប្រកួត​របស់​សហព័ន្ធ​។ កន្លង​មក​មាន​ករណី​ច្រើន ដូច​ជា​ការ​ចាប់​គូ​ស្ទួន​គ្នា ក្នុង​ករណី​ខ្លះ​កីឡាករ​តែ​ម្នាក់​ត្រូវ​បាន​ចាប់​គូ​ដល់​ទៅ ២-៣​ស្ថានីយទូរទស្សន៍​ក៏​មាន​ដែរ​។ ពេល​ខ្លះ​កីឡាករ​ខ្លះ​ចាប់​គូ​ជាន់​ស​ប្តា​ហ៍​គ្នា ដែល​ធ្វើ​ឱ្យ​បញ្ហា​កើតឡើង​»​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម ខូ​វ ឆាយ បន្ថែម​ថា ដើម្បី​ឱ្យ​ការ​ចាប់​គូ​កាន់តែ​ល្អ ដូច្នេះ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ត្រូវ​ធ្វើការ​រួម​គ្នា​ជាមួយ​ស្ថានីយទូរទស្សន៍​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​ឱ្យ​បាន​ស៊ីជម្រៅ ដោយ​សហព័ន្ធ​នឹង​ចាត់តាំង​តំណាង​ម្នាក់​របស់​សហព័ន្ធ​ទៅ​ធ្វើការ​ជាមួយ​ទូរទស្សន៍​មួយ ដើម្បី​ឱ្យ​ត្រូវ​តាម​គោលការណ៍​របស់​សហព័ន្ធ​តែ​ម្តង​។ ជា​ការ​គោលការណ៍​មិន​អនុញ្ញាត​មានការ​ចាប់​គូ​មក​ពី​ក្លឹ​ប​តែ​មួយ​លើស​ពី​៣​គូ ក្នុង​១​ស​ប្តា​ហ៍​នោះ​ឡើយ ហើយ​លក្ខខណ្ឌ​នេះ​តម្រូវ​ឱ្យ​ស្ថានីយទូរទស្សន៍​មួយ​ចាប់​គូប្រកួត​ឱ្យ​មាន​កីឡាការិនី​ម្នាក់ ឬ​យុវជន​ថ្នាល់​ម្នាក់ ក្នុង​១​ស​ប្តា​ហ៍ ដោយ​នេះ​ជា​កាតព្វកិច្ច​តែ​ម្តង​។ កន្លង​មក​គ្រាន់តែ​ជា​ការ​ស្នើ​សុំ​របស់​សហព័ន្ធ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​ភាព​ជា​កាតព្វកិច្ច​នោះ​ឡើយ​។ យ៉ាងណា​ចាប់ពី​ពេល​នេះ​តទៅ សហព័ន្ធ​បាន​សម្រេច​ដាក់​ប​ញ្ជូ​ល​ករណី​ចាប់​គូ​ឱ្យ​មាន​គូ​កីឡាការិនី​១​គូ ឬ​យុវជន​ថ្នាល​១​គូ ក្នុង​១​កម្មវិធី​ប្រកួត ហើយ​ប្រសិនបើ​មិន​មានការ​រៀបចំ​ការ​ប្រកួត​បែប​នេះ​ទេ នោះ​សហព័ន្ធ​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រកួត​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ សហព័ន្ធ​ក៏​ពង្រឹង​លើ​គោលការណ៍​មួយ​ចំនួន​ទៀត ដើម្បី​ពង្រឹង​វិន័យ​នៅ​តំបន់​បច្ចេកទេស​នៃ​ការ​ប្រកួត ដូច​ជា​អ្នកចូលរួម​ឱ្យ​ទឹក ការ​គ្រប់គ្រង​អ្នក​សារព័ត៌មាន ការ​ចូលរួម​ផ្សេង​ៗ​ដែល​មិន​ប៉ះពាល់​ដល់​តំបន់​បច្ចេកទេស មិន​ប៉ះពាល់​ដល់​ការងារ​របស់​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ កីឡាការិនី​ដែល​កំពុង​ប្រកួត​ជាដើម​។ ទាំង​អស់នេះ ដើម្បី​ពង្រឹង​ដល់​វិន័យ ការ​គ្រប់គ្រង​ការ​ប្រកួត​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើ ដោយ​សហព័ន្ធ​ត្រូវ​ឱ្យ​មានការ​យល់ និង​ការ​ចូលរួម​ទាំងអស់​គ្នា​ពី​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​៕

Previous articleការប្រកួតជ្រើសរើសសិស្សឆ្នើមប្រចាំសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ដើម្បីអបអរសាទរគម្រប់ខួបនៃការបង្កើតសាលាគុនជារៀងរាល់ឆ្នាំ
Next articleChelsea ចង់បានកីឡាកររបស់ Lyon មកពង្រឹងតំបន់ស្លាប