ព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥ ម្ចាស់ជ័យលាភីលេខ១ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ៖ បន្ទាប់​ពី​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​រួច​មក ព្រឹត្តិការណ៍​ប្រកួត​រ៉ូ​បូត​ថ្នាក់​ជាតិ លើក​ទី​១២ ឆ្នាំ​២០២៥​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​លេខ​១ បាន​លើ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) (ITC), ជ័យ​លោ​ភី​លេខ​២ បាន​ទៅ​លើ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) និង​ជ័យ​លោ​ភី​លេខ​៣ បាន​ទៅ​លើ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ចូលរួម​បិទ​ព្រឹត្តិការណ៍​ប្រកួត​រ៉ូ​បូត​ថ្នាក់​ជាតិ លើក​ទី​១២ ឆ្នាំ​២០២៥​។

ក្នុង​ឱកាស​នោះ ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ចាប់តាំងពី​ការ​រៀបចំ​លើក​ទី​១២ នៅ​ក្នុង​ឆ្នាំ​២០១៤ យើង​បាន​ផ្តល់​ឱកាស​ដល់​យុវ​និស្សិត​កម្ពុជា ដែល​ស្រឡាញ់​មុខ​ជំនាញ បច្ចេកវិទ្យា បាន​ជួប​គ្នា​ផ្លាស់​ប្តូរ​យោបល់ បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​រ៉ូ​បូត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឱ្យ​មានកា​រវិ​វត្ត​រីក​ចម្រើន​លើ​ផ្នែក​ចំណេះដឹង សមត្ថភាព ជំនាញ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គួរ​ឱ្យ​កត់សម្គាល់​។ ឯកឧត្តម រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​នៃ​បញ្ញា​សិប្ប​និ​មិ្ម​ត ការ​កើនឡើង​នៃ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម រ៉ូ​បូត និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល គឺជា​កត្តា​ដ៏​សំខាន់​គាំទ្រ​ដល់​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​បន្ត​លើកកម្ពស់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​ប្រកបដោយ​និរន្តរភាព​។ ឯកឧត្ដម​បន្ដ​ថា បច្ចេកវិទ្យា​ថ្មី​ៗ​ទាំងនេះ កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​ផលិតកម្ម និង​មាន​សក្តានុពល​ជួយ​ដល់​កម្លាំង​ពលកម្ម​មនុស្ស​ដើម្បី​ជំរុញ​ផលិតភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​បរិបទ​នៃ​សាកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច និង​ធុរៈកិច្ច​។

ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​បញ្ជាក់​ថា ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ និង​ទស្សនៈ​វែង​ឆ្ងាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​និង​កំពុង​ជំរុញ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល សម្រាប់​ជា​ឃ្នាស់​លើ​ស្ទួយ​វិស័យ​ពាក់ព័ន្ធ​នានា ជា​ពិសេស​វិស័យ​ឧ​ស្សហកម្ម​នៅ​កម្ពុជា ដូច​មាន​គូសបញ្ជាក់​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ថ្ងៃ​កន្លង​មកនេះ យើង​ទាំងអស់​គ្នា​សុទ្ធតែ​បាន​សង្កេត​ឃើញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​ទេព​កោសល្យ​ដ៏​អស្ចារ្យ ការ​លះបង់ ភាព​អត់ធន់ ភាព​វៃឆ្លាត ភាព​ច្នៃប្រឌិត និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​បេក្ខជន​ម្នាក់​ៗ ក្នុង​ការ​ប្រកួត​ដណ្តើម​យកជ័យ​លា​ភី​លើ​ដៃគូ​ប្រកួត​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ដ​ថា ការ​ប្រកួតប្រជែង​មិន​ត្រឹមតែ​ចង់បាន​មេដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​ការ​បង្ហាញ​ពី​ទេព​កោសល្យ ចំណេះដឹង សមត្ថភាព និង​ជំនាញ​ដើម្បី​រៀបចំ​អនាគត​នៃ​ឧស្សាហកម្ម សេដ្ឋកិច្ច និង​សង្គម​របស់​យើង​ផង​ដែរ​។ សូម​ចាំ​ថា​ទោះ​ក្មួយ​ៗ​ទទួល​បាន​ជ័យ​លា​ភី ឬ​មិន​ទទួល​បាន​ជ័យ​លា​ភី ក៏​ក្មួយ​ជា​បេក្ខជន​តំណាង​ដ៏​ល្អ​បំផុត​ឱ្យ​គ្រឹះស្ថានសិក្សា​របស់​ក្មួយ នឹង​ជា​ជើងឯក​រួច​ទៅ​ហើយ​។

បើ​តាម​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ការងារ តាម​រយៈ​ការ​ប្រកួត​នេះ គឺជា​ការ​ទទួលយក​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ថ្មី​ៗ ដើម្បី​ប្រើប្រាស់​ជា​ទុន​សម្រាប់​អភិវឌ្ឍន៍​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​ចាប់ផ្តើម​អាជីព ឱកាស និង​ការ​ច្នៃប្រឌិត​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​របស់​ក្មួយ​ៗ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ឯកឧត្ដម​បាន​បន្ថែម​ថា ការ​ប្រកួតប្រជែង​មិនមែន​ជា​ការ​ចាញ់​ឈ្នះ តែ​ជា​ការ​រួម​គ្នា​អភិវឌ្ឍ​កម្រិត​សមត្ថភាព​ជំនាញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​ប្រកួត​រ៉ូ​ប៉ូ​ត នៅ​ឆ្នាំ​២០២៥​នេះ មាន​សិស្ស និ​សិស្ស ៨​ក្រុម មក​ពី ៥​គ្រឹះស្ថានសិក្សា ដែល​រួម​មាន​៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC), វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI), វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI), វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) (ITC) និង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ដើម្បី​ស្វែងរក​ជើងឯក​តំណាង​កម្ពុជា ទៅ​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្ដិការណ៍​អន្តរជាតិ (ABU Robocon 2025) នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ឆ្នាំ​២០២៥ ខាង​មុខ​នេះ ដែល​អាច​ឱ្យ​ក្មួយ​ៗ​មានឱកាស​ចែករំលែក​បទ​ពិសោធន៍​រវាង​យុវជន និង​យុវជន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​ក៏​ជា​កម្មវិធី​មួយ​ដែល​បាន​បំផុស និង​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ងាក​មក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ផង​ដែរ​៕

Previous articleក្រុមនារីកម្ពុជាស្មើក្រុមហុងកុង ខណៈហ្វីលីពីនឈ្នះអារ៉ាប់ប៊ីសាអូឌីត វគ្គជម្រុះពូល G AFC Women’s Asian Cup
Next articleម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយមាស ៣គ្រឿង ថ្ងៃដំបូង តេក្វាន់ដូ ITF ជើងឯកអាស៊ាន