U២៣ កម្ពុជាត្រូវធ្វើការធ្ងន់ សម្រាប់ការប្រកួតយប់នេះជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីត

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ក្រោម២៣ឆ្នាំ (U23) នឹងត្រូវបង្កើនការប្រយុទ្ធដ៏ស្រួចស្រាល១ប្រកួត​ចុង​ក្រោយ នៅក្នុងពូល J ជាមួយក្រុមម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីតដែលជាក្រុមខ្លាំងប្រចាំពូល និងជា​ក្រុម​ជើងឯក ២០២២ នៅវេលាម៉ោង២៣:០០ យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន PRINCE SULTAN BIN ABDULAZIZ SPORTSនៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ី ក្រោមអាយុ២៣ឆ្នាំ នៅ​ប្រទេសកាតា ឆ្នាំ២០២៤ (AFC U23 Asian Cup Qatar 2024)។

តើក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ២៣ឆ្នាំអាចកសាងកំណត់ត្រាថ្មីមួយទេ ជាមួយក្រុម​ខ្លាំងអារ៉ាប់ប៊ីសាអូឌីត ក្នុងការប្រកួតសន្សំពិន្ទុពូល J នេះ។ ដើម្បីក្លាយជាក្រុមលេខ១ ប្រចាំពូល J និង​បានកក់កៅអីសម្រាប់វគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ នៃពានរង្វាន់នេះ នាឆ្នាំ២០២៤ នៅប្រទេសកាតា គឺក្រុមកម្ពុជាត្រូវការឈ្នះដាច់ខាត ជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីត។ បើក្រុម​អារ៉ាប់ប៊ីសាអូឌីតឈ្នះ ឬស្មើជាមួយក្រុមកម្ពុជា នោះក្រុមម្ចាស់ផ្ទះមួយនេះនឹងត្រូវឡើងទៅកាន់​វគ្គ១៦​ក្រុមដោយស្វ័យប្រវត្តិ ខណៈលេខ២ល្អផ្តាច់គេចំនួន៤ក្រុមនៃពូលទាំង១១ ដែលត្រូវ​ឡើង​ទៅវគ្គ១៦ក្រុមចុងក្រោយដែរ គឺត្រូវរង់ចាំការវាយតម្លៃក្រោយបញ្ចប់ការប្រកួតទាំងស្រុង។

គួររម្លឹកថា ឆ្លងកាត់២ប្រកួតរបស់ក្រុមកម្ពុជា ឈ្នះ១ប្រកួត និងស្មើ១ប្រកួត ដោយមាន៤ពិន្ទុ ខណៈក្រុមសអារ៉ាប់ប៊ីសាអូឌីត កំពុងក្តោបក្តាប់ក្នុងដំណែងលេខ១ ក្នុងពូល J ជាមួយ៦ពិន្ទុ ខណៈ​២ក្រុមទៀត គឺលីបង់ និងម៉ុងហ្គោលី ឈរលេខ៣ និងលេខ៤។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រនឹងមាន១៦ក្រុម ដែលជាបេក្ខភាពក្រុម​ចំណាត់​ថ្នាក់លេខ១នៃពូលទាំង១១ស្មើនឹង១១ក្រុម និង៤ក្រុមផ្សេងទៀត ដែលជាក្រុមចំណាត់​ថ្នាក់លេខ២ ល្អផ្តាច់គេ ក្នុងចំណោម១១ពូល បូករួមទាំងម្ចាស់ផ្ទះកាតា សរុប១៦ក្រុម។ ការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ AFC U23 Asian Cup Qatar 2024 គ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា។

សម្រាប់វគ្គចែកពូលនេះមាន១១ពូល ដោយក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា លើកលែងតែ​ពូល K មួយប៉ុណ្ណោះដែលមាន៣ក្រុម សរុបមានចំនួន៤៣ប្រទេស។ ចំពោះក្រុមកាតា ដែលជា​ម្ចាស់​ផ្ទះជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៤ខាងមុខ គឺស្ថិតនៅក្នុងពូល B ដែលរាល់ការប្រកួត​ជម្រុះ​ប្រចាំ​ពូល B នេះត្រូវបានចាត់ទុកជាការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដោយមានន័យថា សិទ្ធិរបស់​ក្រុម​កាតា ដែលជាម្ចាស់ផ្ទះ គឺឈររង់ចាំស្រាប់នៅជុំផ្តាច់ព្រ័ត្រ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleក្លឹប Fiorentina បានដាក់បញ្ចូលនៅលក្ខខណ្ឌ “សម្ងាត់” នៅក្នុងកុងត្រាខ្ចីជើង Amrabat របស់ក្លឹប Man Utd
Next articleរឿងរវាង Sancho និង Ten Hag អាចនឹងឈានដល់ជម្រើសមួយនេះ