ឯកឧត្តម វ៉ាត់ ចំរើន ៖ យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ មិនផ្តោតលើលាភសក្ការៈជាធំទេ

ភ្នំពេញ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​លើក​ឡើង​ថា ៖«​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធីប​តី ជា​ការ​បង្កើន​ស្មារតី​របស់​យុទ្ធ​គុន​ទាំងអស់ ដោយ​មិន​សំដៅ​ទៅ​លើ​ការ​ប្រកួត​ដើម្បី​លាភសក្ការៈ​ទេ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​នេះ ក៏​មានការ​រៀបចំ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​សមរម្យ​ដែរ​»​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ថ្មី​ៗ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន ដែល​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ព្រឹត្តិការណ៍​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ ពានរង្វាន់​សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖«​គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​យុទ្ធ​គុន​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី គឺ​ដើម្បី​បង្រួបបង្រួម និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កាន់តែ​ជ្រួតជ្រាប​អំពី​យុទ្ធ​គុន​ចម្រុះ​បុរាណ​ដ៏​សម្បូរ​បែប នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ យើង​នឹង​រៀបចំ​ប្រាក់​រង្វាន់​ឱ្យ​សមរម្យ ស្រប​តាម​កាលៈទេសៈ​នា​ពេល​បច្ចុប្បន្ន ដោយ​មិន​ខ្ពស់​ពេក មិន​ទាប​ពេក ក្នុង​កម្រិត​មួយ ដែល​អាច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​របស់​យើង​ដែរ​។ សូម​អំពាវនាវ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​រៀបចំ​ខ្លួន ត្រៀម​ចូលរួម​ប្រកួត​ឱ្យ​បាន​ទាំងអស់​គ្នា​»​។

ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​បាន​សង្កត់ធ្ងន់​ថា ៖«​ដោយសារ​តែ​ព្រឹត្តិការណ៍​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី ដែល​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង ដូច្នេះ​យើង​មិន​បង្ហាញ​ចេញ​នូវ​ការ​ប្រកួត ដើម្បី​តែ​ផលប្រយោជន៍​ជា​លុយ​នោះ​ទេ ដែល​ការ​ប្រកួត ដើម្បី​ផលប្រយោជន៍​លុយ គឺជា​ការ​ប្រកួត​អាជីព​របស់​ក្រុម​ហ៊ុម​ផ្សេង​ៗ នោះ​គឺជា​រឿង​ផ្សេង​ពី​គ្នា​។ ដូច្នេះ​សូម​ឱ្យ​គ្រូបង្វឹក កីឡាករ កីឡា​រិ​នី​ឈ្វេងយល់​អំពី​ស្មារតី​នៃ​ការ​រៀបចំ​ការ​ប្រកួត​នេះ​ឱ្យ​បាន​ច្បាស់លាស់​»​។

គណៈកម្មការ​រៀបចំ​នឹង​រៀប​ចំការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ដល់​គ្រប់​ក្លឹ​ប និង​អ្នក​ហាត់​ក្បាច់គុន​ទាំងអស់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​នូវ​អត្ថប្រយោជន៍ និង​ប្រាក់​កម្រៃ ដែល​ពួក​គាត់​នឹង​ទទួល​បាន​ពី​ការ​រៀបចំ​នេះ​។ ការ​ប្រកួត​នេះ​មាន​លក្ខខណ្ឌ បទបញ្ជា​ការ​ប្រកួត​ត្រឹមត្រូវ ដើម្បី​ស្វែងរក​នូវ​ភាព​ជោគជ័យ​សម្រាប់​ជាតិ​របស់​យើង​នៃ​គុណ​តម្លៃ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ព្រលឹង​យុទ្ធ​គុន​ចម្រុះ​ដូនតា​ខ្មែរ​យើង​ឱ្យ​បាន​យូរអង្វែង​បន្ត​ទៀត​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ទៀត​ថា គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ ពានរង្វាន់​សម្តេច​ធិ​បតី ជា​អ្នក​អំពាវនាវ និង​ការ​ពន្យល់​អំពី​អត្ថប្រយោជន៍​នៃ​ព្រឹត្តិការណ៍ ហើយ​ចំពោះ​ការ​ដាក់​វិធានការ​យ៉ាងណា ក្នុង​ការ​បំផុស​ឱ្យ​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត ឬ​យ៉ាងណា គឺ​គណៈកម្មការ​នឹង​ផ្តល់​សិទ្ធិ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ជា​អ្នក​រៀបចំ​។ «​ចំពោះ​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ ដែល​កំពុង​លេចធ្លោ​ឆ្នើម​ៗ មាន​ប្រជាប្រិយភាព​ខ្លាំង​ៗ​នោះ គឺ​ពួក​គាត់​ត្រូវ​តែ​មាន​ស្មារតី​ចូលរួម​ប្រកួត នៅ​ក្នុង​ពានរង្វាន់​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង ដែល​តាម​រយៈ​ព្រឹត្តិការណ៍​នេះ គឺជា​ការ​ប្រមូលផ្តុំ​នៃ​យុទ្ធ​គុន​ចម្រុះ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​មាន​ស្មារតី​ជាតិនិយម ក្នុង​ការ​ថែរក្សា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​របស់​យើង​ទាំងអស់​គ្នា​»​។

ជុំវិញ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី ដែល​គ្រោង​នឹង​ធ្វើ​ឡើងជា​ផ្លូវការ​ពី​ថ្ងៃ​ទី​១៨-២០ ខែតុលា ឆ្នាំ​២០២៤ ត្រូវ​បាន​ឯកឧត្តម​អគ្គលេខាធិការ NOCC លើក​ឡើង​ទៀត​ថា ពេល​នេះ​កំពុង​ដំណើរការ​ដោយ​រលូន ក្រោម​ការ​ខិតខំ​ពី​ថ្នាក់ដឹកនាំ​គណៈកម្មការ​ចំពោះ​កិច្ច ជា​ពិសេស​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ដោយ​ផ្ទាល់​ពី​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​ជំរុញ និង​ផ្តល់​អនុសាសន៍​ឱ្យ​ព្រឹត្តិការណ៍​នេះ​ជោគជ័យ​។

«​គណៈកម្មការ​ចំពោះ​កិច្ច​តែងតែ​រៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ពាក់ព័ន្ធ ដូច​ជា​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា សហព័ន្ធ​កីឡា​យុទ្ធ​ក្រម​ខម និង​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​នីតិវិធី​ឱ្យ​កាន់តែ​ទាក់ទាញ​ខ្លាំង ដើម្បី​ប្រមែ​ល​ប្រមូល​ឱ្យ​អ្នក​ហាត់គុន​ចម្រុះ​ខ្មែរ​ទាំងអស់​ឱ្យ​ចូលរួម ដោយ​គ្មាន​នរណា​មួយ នៅ​ក្រៅ​សង្វៀន​ការ​ប្រកួត​នេះ​ទេ​។ យើង​ទាំងអស់​គ្នា​កំពុង​បន្តការងារ​ឱ្យ​បាន​ល្អ និង​ប្រឹងប្រែង​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិ​បតី ក៏​ដូច​ជា​ការ​ណែនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ប្រធាន​គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​»​។ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែម​។

គួរ​បញ្ជាក់​ថា ចំពោះ​អ្នក​ហាត់គុន​ចម្រុះ ដែល​មិន​ស្ថិត​ក្រោម​សហព័ន្ធ​កីឡា​ជាតិ ក៏​អាច​មក​ចូលរួម​ប្រកួត​បាន​ដែរ តាម​រយៈ​វិ​ប​សាយ ឬ​ទាក់ទង​ទៅ​សហព័ន្ធ​កីឡា​ជាតិ​ណាមួយ ក្នុង​ចំណោម​៤​សហព័ន្ធ ឬ​ទាក់ទង​មក​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (​ជិត​រង្វង់​មូល​វត្ត​សំពៅ​មាស រាជធានី​ភ្នំពេញ​) ដើម្បី​យកបែប​បទ​ចុះ​ឈ្មោះ​៕

Previous articleMan Utd ស្នើរសុំផ្លាស់ប្តូរលក្ខខណ្ឌផ្ទេរ Hannibal Mejbri ទៅ Burnley ភ្លាមៗ
Next articleAl Nassr កំពុងនាំមុខក្នុងការប្រជែងយកខ្សែការពារ Milan Skriniar