ភ្នំពេញ៖ ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» ជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីស្វែងរកបេក្ខភាពឆ្នើមៗ ឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥។
ពិធីបើការប្រកួតនេះទទួលបានកិត្តិយសអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមអុកចត្រង្គអង្គរសង្ក្រាន និងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងមន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបផងដែរ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមអុកចត្រង្គអង្គរសង្ក្រានបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ អ្វីដែលពិសេសសម្រាប់ប្រភេទកីឡាអុកចត្រង្គ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ហើយឯកឧត្តម ហ៊ុន ម៉ានី ក៏ជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានផងនោះបានជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងសិស្សនិស្សិតនានា។
ឯកឧត្តម ហេង សុខគង់ បានលើកឡើងថា ៖«កីឡាអុកចត្រង្គនេះមានតាំងពីបុរាណមក ហើយក៏មានការឆ្លាក់លើសិលាចារិកតាមជញ្ជាំងប្រាសាទបុរាណ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទព្រះខ័នជាដើម។ សម្រាប់ការប្រកួតនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏មានការរៀបចំឱ្យមានការប្រកួតបន្ថែម ដូចជាជើងឯកកុមារ និងជើងឯកនិស្សិតមហាវិទ្យាល័យ សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។ ទាំងនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
«ជាមួយគ្នានេះ ក៏ជំរុញលើកទឹកចិត្តដល់កុមារា កុមារីចូលរួមលេងកីឡាអុកចត្រង្គ ដោយជៀសចេញឆ្ងាយពីគ្រឿងញៀន ល្បែងអបាយមុខផ្សេងៗផងដែរ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ការនិយមលេងកីឡាអុកចត្រង្គនេះនឹងជួយបង្កើនបញ្ញាស្មារតីរបស់ពួកគាត់មានការវិវឌ្ឍខ្ពស់រហូតដល់២ដងទៅ៣ដង។ ជាក់ស្តែងក្នុងការប្រកួតជម្រុះ ថ្ងៃនេះ ឃើញថា កុមារា កុមារីមកពីសាលាបឋមសិក្សានានាបានចូលរួមចំនួន១១រូប ដែលមានអ្នកខ្លះធ្លាប់ហ្វឹកហាត់ និងលេងកីឡានេះរហូតដល់៦ឆ្នាំមកហើយ ដោយនេះគឺជាការលើកទឹកចិត្តដ៏ល្អ សម្រាប់កុមារា កុមារី សិស្ស-និស្សិតរបស់យើង ដែលជាផែនការយុទ្ធសាស្ត្រសម្រាប់កម្ពុជា នាថ្ងៃអនាគតផងដែរ»។ ឯកឧត្តម ហេង សុខគង់ បានលើកឡើងបន្ថែម។
ឯកឧត្តម ហេង សុខគង់ បានសង្កត់ធ្ងន់ថា ជារួម សម្រាប់ផ្នែកជើងឯកកុមារ ការប្រកួតនេះនឹងស្វែងរកបេក្ខភាពជ័យលាភីចំនួន៤នាក់ ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ឆ្នាំ២០២៥ នៅខេត្តសៀមរាបផ្ទាល់តែម្តង។ ដោយឡែកសម្រាប់ផ្នែកសិស្សនិស្សិត គណៈកម្មការនឹងជ្រើសរើសបេក្ខភាពជ័យលាភី២រូប ឡើងទៅប្រកួត នៅជុំផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបដែរជាមួយនឹងផ្នែកមហាជន ដោយយើងនឹងចម្រាញ់រកស្តេចអុក ក្នុងឱកាសនោះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានពន្យល់ថា ប្រកួតការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» នេះត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ គឺជាការប្រកួតជ្រើសរើសជើងឯក តាមតំបន់ ដោយយកបេក្ខភាពជ័យលាភី៣នាក់ (Top3) តាមតំបន់នីមួយៗ ហើយនៅពេលដែលរកឃើញបេក្ខភាព ៣នាក់តាមតំបន់ហើយៗយើងបន្តការប្រកួតនៅដំណាក់កាលទី២ ដោយត្រូវស្វែងរកបេក្ខភាពឆ្នើមៗ ៨នាក់ចុងក្រោយ (Top8) ដើម្បីយកទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាបតែម្តង៕