ភ្នំពេញ៖ បឹងកេតបានក្លាយជាក្រុមបេក្ខភាពទី៤ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៤-២០២៥ បន្ទាប់ពីទម្លាក់ក្រុមអាយអេសអាយដង្កោសែនជ័យ នៅវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ ជើងទី២ កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ដោយលទ្ធផលបច្ចេកទេស ១-០។
១គ្រាប់ជ័យជម្នះរបស់ម្ចាស់ផ្ទះ បឹងកេត ធ្វើសម្រេចដោយកីឡាករ ម៉ាត់ ណូរិន នៅក្នុងម៉ោងបង្គ្រប់៩០នាទី។ សរុបទាំងពីរជើង បឹងកេតបានយកឈ្នះក្រុមអាយអេសអាយដង្កោសែនជ័យ ដោយលទ្ធផលបច្ចេកទេស ៣-០។ ដូច្នេះបេក្ខភាព៤ក្រុម ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន៖ បឹងកេត ត្រូវប៉ះ ព្រះខ័នរាជស្វាយរៀង ខណៈភ្នំពេញក្រោន ត្រូវជួប វិសាខា។
គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវធ្វើឡើងចំនួន២ជើងដែរ ដោយជើងទី១ ត្រូវធ្វើឡើងនាថ្ងៃទី២៣ ខែមេសា រីឯជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៥។ ដោយឡែកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយលេងទាំងពីរប្រកួត ដែលក្រុមចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវប្រកួតដណ្តើមលេខ៣ ខណៈក្រុមឈ្នះៗ២ក្រុមត្រូវប្រកួតដណ្តើមម្ចាស់ដំណែងជើងឯកប្រចាំរដូវកាល ២០២៤-២០២៥នេះតែម្តង៕